ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យទីក្រុងមានពលរដ្ឋជាង១៨លាននាក់កកស្ទះ

ចែករំលែក៖

ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លង មក ទីក្រុងដាកា ប្រទេសបង់ក្លាដែស ត្រូវ ជាប់គាំងទ្រាំងស្រុង ដោយមហាបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកែប្រែប្រព័ន្ធសុវត្ថិភាព ចរាចរណ៍ក្រោយមានគ្រោះថ្នាក់ សមា្លប់មនុស្ស។

និស្សិតរាប់ពាន់នាក់បាននាំគ្នាចូលរួមមហាបាតុកម្ម ហើយស្ថានការណ៍កាន់តែអាក្រក់ទៅដោយបាតុកម្មក្លាយទៅជា ហិង្សានៅក្នុងទីក្រុងដែលមានពលរដ្ឋជាង១៨លាននាក់។ ហេតុការណ៍ខាងលើចាប់ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍សម្លាប់ កុមារ២នាក់ប៉ុណ្ណោះ។

គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃ ទី២៩ ខែកក្កដា នៅពេលរថយន្តក្រុងបើកបុកសិស្ស២នាក់ កណ្តាលទីក្រុងដាកា។ សារព័ត៌មាន BBC បានផ្សាយថា រថយន្តក្រុងបានបើកប្រជែងជាមួយរថយន្តក្រុង មួយគ្រឿងផ្សេងទៀត ទើបបាត់បង់ម្ចាស់ការបណ្តាលឲ្យជ្រុលទៅបុកសិស្សសាលា២នាក់ស្លាប់តែម្តង។ ការស្លាប់របស់កុមារទាំង២នាក់បានបង្កឲ្យមានអារម្មណ៍ខឹង សម្បាយ៉ាងខ្លាំង ក្រោយពេលបានចែក ចាយតាមបណ្តាញសង្គម ដោយអូស ទាញសិស្សនិស្សិតរាប់ពាន់នាក់ចូលរួម បាតុកម្ម។ សិស្សនិស្សិតបានធ្វើបាតុកម្ម បិទផ្លូវធ្វើឲ្យទីក្រុងទាំងមូលត្រូវកកស្ទះតែម្តង។ ក្រុមនិស្សិតដែលបិទផ្លូវចរាចរណ៍ បានស្នើសុំមើលលិខិតបើកបរ បើអ្នកណាគ្មានលិខិតបើកបរមិនអនុញ្ញាតឲ្យបើករថយន្តចូលក្រុងឡើយ។

បាតុកម្មបង្កឲ្យកកស្ទះទីក្រុងទំាងមូលគឺជារឿងដ៏កម្រនៅក្នុងប្រទេសបង់ក្លាដែស ដោយអូសបន្លាយជាង១សប្តាហ៍កន្លង មក។ កម្លាំងប៉ូលិសបង្ខំប្រើប្រាស់ឧស្ម័ន បង្ហូរទឹកភ្នែក គ្រាប់កៅស៊ូ ដើម្បីបំបែកហ្វូង បាតុករ ធ្វើឲ្យស្ថានភាពហិង្សាបានកើត ឡើង។ ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងតំបន់ បានផ្សាយថា មានមនុស្សជាង១០០នាក់ រងរបួស នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករ នឹងប៉ូលិស។

សារព័ត៌មានដេលីស្តារបានផ្សាយថា កាលពីថ្ងៃទី៧ ខែសីហា មាននិស្សិត៤០ នាក់ត្រូវ ចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ អ្នកសារព័ត៌មានបរទេសមួយ ចំនួនក៏រងការវាយប្រហារផងដែរ ក្នុងនោះ មានអ្នកយកព័ត៌មាន AP របស់អាមេរិក។

តំណាងអង្គការសហប្រជាជាតិនៅបង់ក្លាដែសបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពក្រុមនិស្សិតចូលរួមនៅក្នុងមហាបាតុកម្ម។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅបង់ ក្លាដែស បានថ្កោលទោសដល់ការប្រើអំពើហិង្សាទៅលើក្រុមនិស្សិតចូលរួមធ្វើបាតុ កម្ម។

រដ្ឋាភិបាលបង់ក្លាដែសក៏បានប្រកាស ថានឹងកែប្រែច្បាប់សុវត្ថិភាពចរាចរណ៍ ជើងគោក ហើយក៏បានស្នើដល់ក្រុម និស្សិតបញ្ចប់ការធ្វើបាតុកម្មនេះជាបន្ទាន់។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានបិទប្រព័ន្ធអុីនធើណេត ក្នុងនោះមានទាំងអុីនធើ ណេត 3G និង 4G ដើម្បីទប់ស្កាត់ការ បំផុសបំផុលអូសទាញឲ្យមនុស្សចូលរួមបាតុកម្មកាន់តែច្រើនឡើង។

សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Sheikh Hasina ដែលឡើងកាន់អំណាចតាំងពីឆ្នាំ២០០៩មក រង គំនាបបាតុកម្មជាច្រើនមកហើយ។ ប្រជាពលរដ្ឋបានទាមទារឲ្យបង់ក្លាដែសបិទ បញ្ចប់ប្រព័ន្ធជ្រើសរើសមន្ត្រីរដ្ឋដ៏ចាស់ គំរឹល និងរើសអើង ហើយពេលនេះ មាន បន្ថែមបាតុកម្មពីសំណាក់សិស្សនិស្សិតទៀត ទើបរដ្ឋាភិបាលព្រួយបារម្ភខ្លាចក្រែងចលនានិស្សិតប្រែទម្រង់ទៅជាបាតុកម្ម ប្រឆាំងរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតសភានឹងរៀបចំធ្វើនៅចុងឆ្នាំនេះផង។

តំណាងរដ្ឋាភិបាលដ៏មានឥទ្ធិពលបានទៅបញ្ចុះបញ្ចូលនិស្សិតឲ្យវិលត្រលប់ទៅសាលារៀនវិញ ប៉ុន្តែគ្មានលទ្ធផលសោះតែ ម្តង។

បង់ក្លាជាប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ដោយកាលពីឆ្នាំ២០១៧ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដល់ទៅ ៤.០០០នាក់៕ ម៉ែវ សាធី


ចែករំលែក៖