ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី៧ខែតុលានេះ

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានប្រកាសថា រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេលឆាប់ៗខាងមុខ ដែលជា ដំណើរទស្សនកិច្ចលើកទី៤ នៅក្នុងឆ្នាំ ២០១៨នេះ។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៣ ខែ តុលា បានដកស្រង់ការប្រកាសរបស់រដ្ឋ មន្ត្រីការបរទេសអាមេរិកបញ្ជាក់ថា លោកនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាង ជើងនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ដើម្បី ជួបពិភាក្សាជាមួយមេដឹកនាំ គីម ជុងអ៊ុន ស្តីពីការរំសាយអាវុធបរមាណូ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា«ខ្ញុំគិតថា ទាំងនោះជាភាពរីកចម្រើននៅក្នុងទំនាក់ទំនងការបរទេស ខណៈដែលរដ្ឋមន្ត្រីការបរទេសត្រៀម បំពេញទស្សនកិច្ចជាលើកទីពីរទៅកាន់ កូរ៉េខាងជើង ក្នុងរយៈពេលមិនដល១ឆ្នាំ ផង។ ជាការពិតណាស់យើងនៅមានរឿងរ៉ាវជាច្រើនត្រូវពិភាក្សាគ្នាត្រូវធ្វើរួមគ្នា »។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការ បរទេសអាមេរិកទៅកាន់កូរ៉េខាងជើង កើតឡើងក្នុងពេលដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំ គីម ជុងអ៊ុន ត្រៀមជួបពិភាក្សាគ្នាជាលើកទីពីរ។ ដំណើរ ទស្សនកិច្ចរបស់លោក Mike Pompeo ធ្វើឡើងតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងជើង លោក Ri yong Ho ក្នុងពេលចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ សារព័ត៌មានយុន ហាប់បានផ្សាយថា កូរ៉េខាងជើងមិនចង់ បានសន្ធិសញ្ញាប្រកាសបញ្ចប់សង្រ្គាមកូរ៉េឡើយ បើសិនជាសហរដ្ឋអាមេរិកមិនចង់ បាន ហើយថា ការប្រកាសបិទបញ្ចប់ សង្រ្គាមកូរ៉េជាផ្លូវការ មិនគួរត្រូវបានគេប្រើ ប្រាស់ជាលក្ខខណ្ឌ នៅក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីប កូរ៉េនោះឡើយ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កត់សម្គាល់បែបនេះ ក្នុងបទអត្ថាធិប្បាយជាភាសាអង់គ្លេសមួយនៅថ្ងៃអង្គារនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រី កូរ៉េខាងជើង លោក រី យ៉ុងហូ បានបញ្ជាក់ប្រាប់មហាសន្និបាតនៃអង្គការសហប្រជាជាតិថា ទីក្រុងព្យុងយ៉ាងនឹងមិនរំសាយ អាវុធនុយក្លេអ៊ែរនោះទេ បើសហរដ្ឋអាមេរិក នៅតែប្រកាន់គោលនយោបាយអរិភាព ប្រឆាំងនឹងរបបដឹកនាំលោក គីម ជុងអ៊ុន ដដែលនោះ។

KCNA បានគូសបញ្ជាក់ដូច្នេះថា «បើទោះជាសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានបង្កើតទំនាក់ទំនងថ្មីមួយ ក្រោយជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏ដោយ ប៉ុន្តែបើសិនជា សហរដ្ឋអាមេរិក មិនចង់បានសន្ធិសញ្ញា ប្រកាសបញ្ចប់សង្រ្គាមកូរ៉េទេនោះ កូរ៉េ ខាងជើងក៏មិនចង់បានដែរ។ ម្យ៉ាងវិញ ទៀត ការប្រកាសបិទបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ ក៏មិនគួរត្រូវបានគេប្រើប្រាស់ជា លក្ខខណ្ឌ នៅក្នុងកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នោះ ដែរ»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ស្ថានភាពនៅលើឧបទ្វីបកូរ៉េ នៅតែស្ថិតនៅក្នុងភាពប្រកាសសង្រ្គាមជានិច្ច ដ្បិត សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) បាន បញ្ចប់ទៅដោយបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាបញ្ចប់សង្រ្គាមជា អចិន្ត្រៃយ៍នោះឡើយ ប៉ុន្តែប្រទេសកូរ៉េ ទាំងពីរហាក់បង្ហាញពីការចង់បានដូចគ្នានាប៉ុន្មានទសវត្សរ៍មកនេះ ឲ្យកិច្ចព្រម ព្រៀងសន្តិភាពបង្កើតឡើង ដើម្បីឲ្យឧបទ្វីប កូរ៉េអាចដកខ្លួនឆ្ងាយពីមាត់ជ្រោះសង្គ្រាម៕ ម៉ែវ សាធី


ចែករំលែក៖