ពាក់ព័ន្ធនឹងការដកទណ្ឌកម្មទៅលើ កូរ៉េខាងជើង ប្រធានាធិបតីសហរដ្ឋអាមេ រិកលោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងកូរ៉េខាងជើងជាឯកតោភាគីជាដាច់ខាត បើគ្មានការយល់ព្រមពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ ២០១៨។
ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងតែប៉ុន្មានម៉ោង ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) បានឱ្យដឹងថា ទីក្រុងសេ អ៊ូលកំពុងពិចារណាថា តើគួរតែដកទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី ពីទីក្រុងព្យុងយ៉ាង ឬក៏យ៉ាងណា ទណ្ឌកម្មសេដ្ឋកិច្ចនេះ ត្រូវបានអនុវត្តក្រោយកូរ៉េខាងជើងបាញ់ពន្លិចនាវាចម្បាំង កូរ៉េខាងត្បូងមួយគ្រឿងកាលពីឆ្នាំ២០១០។
ក៏ប៉ុន្តែថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍ នេះ (ម៉ោងនៅអាមេរិក) លោក ត្រាំ បាន គូសបញ្ជាក់ដូច្នេះថា «ពួកគេ (កូរ៉េខាង ត្បូង) នឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ច ដោយ គ្មានការយល់ព្រមរបស់យើងនោះ ទេ។ ពួកគេនឹងមិនអាចធ្វើអ្វីឡើយ ដោយ គ្មានការអនុញ្ញាតពីពួកយើង»។
គួរបញ្ជាក់ថា ស្ថានភាពនៅលើឧបទ្វីប កូរ៉េ មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ ក្រោយជំនួបទាំងបីលើករវាង លោក មូន ជេអុីន នឹងលោក គីម ជុងអ៊ុន។ ប៉ុន្តែទោះជាមានភាពស្ងប់ស្ងាត់ក៏ពិតមែន សហរដ្ឋអាមេរិកនៅតែបញ្ជាក់ជំហរជាដដែលៗថា ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹង មិនអាចត្រូវបានដក ឬបន្ធូរបន្ថយជាដាច់ ខាត បើសិនជាកូរ៉េខាងជើងមិនរំសាយ ចោល នូវអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងជាមុន៕ ម៉ែវ សាធី