ព័ត៌មានទាន់ហេតុការណ៍៖

ស្រមោលនៃសង្គ្រាមត្រជាក់បានវិលមកវិញ ហើយក្រោយអាមេរិកដកសន្ធិសញ្ញាអាវុធបរមាណូ

ចែករំលែក៖

ក្រោយរយៈពេល១៧ឆ្នាំដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រឆាំង អាវុធ ឆ្លងទ្វីប ABM ពេលនេះអាមេរិកបានធ្វើ ឲ្យពិភពលោកភ្ញាក់ផ្អើល និងព្រួយបារម្ភ ខណៈដែល អាមេរិកប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាការពារមីស៊ីលរយៈចម្ងាយ មធ្យមនិងខ្លី INF ព្រមទាំងសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ ដែលអាមេរិក និងសហភាពសូវៀតបានចុះហត្ថលេខារួមគ្នាកាលពី៣៩ឆ្នាំមុន។ អាមេរិកធ្លាប់បានចោទ ប្រកាន់រុស្ស៊ី រហូតមកថា បានរំលោភសន្ធិសញ្ញាដោយបានល្មើសផលិតមីស៊ីលបាញ់ក្នុងរយៈចម្ងាយមធ្យម ដែលជាគ្រោះថ្នាក់ គំរាមកំហែងសន្តិសុខរបស់ប្រទេសនៅអឺរ៉ុបខាងលិច។

លោកប្រធានាធិបតីដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២០ ខែតុលា បានប្រកាសដកអាមេរិកចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម ក្នុងហេតុផលថា រុស្ស៊ីបានរំលោភ កិច្ចព្រមព្រៀង តាមរយៈការលួចផលិតមីស៊ីលបាញ់បានចម្ងាយមធ្យម ដែលអគ្គលេខាធិការរបស់អង្គការអូតង់ឲ្យឈ្មោះថា SSC -8។

នៅឆ្នាំ ២០១៧ កាសែតNew York Times ធ្លាប់បានចុះផ្សាយថា រុស្ស៊ីបានធ្វើតេស្តបាញ់សាកល្បងបានសម្រេច មីស៊ីល ដែលតាមពិត ត្រូវហាមប្រាមដោយសន្ធិ សញ្ញា ស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយ មធ្យមនេះ។ តាមកាសែត ដែលបានដកស្រង់សម្ដីមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកបានបញ្ជាក់ថា រុស្ស៊ីនៅបានពង្រាយមីស៊ីលដែលអាចបាញ់បានរយៈចម្ងាយមធ្យមនៅក្នុងទឹកដីប្រទេសអឺរ៉ុបណាមួយដែលជា សម្ពន្ធមិត្តរបស់រុស្ស៊ី។

ការប្រកាសរបស់លោកដូណាល់ ត្រាំ ដកអាមេរិកចេញពីសន្ធិសញ្ញា ធ្វើឡើង នៅចំពេលដែលទីប្រឹក្សាផ្នែកសន្តិសុខជាតិរបស់លោក គឺលោក ចន បុលតុន ត្រូវ បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ។ គេជឿ ថា គឺ លោកចន បុលតុននេះហើយ ដែល ជាអ្នកជំរុញឲ្យលោកដូណាល់ ត្រាំ ដក អាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយរុស្ស៊ី។

អនុរដ្ឋមន្រ្តីការបទេសរុស្ស៊ីលោក Sergueï Riabkovបានចាត់ទុកការប្រកាសដកខ្លួនអាមេរិកចេញពីសន្ធិសញ្ញាស្តីពីនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម នេះថា ជាយុទ្ធ សាស្រ្តដាក់គំនាបរបស់អាមេរិកក្នុងពេលចរចាជាមួយរុស្ស៊ី។ ប៉ុន្តែលោកបានបញ្ជាក់ ថា ចំពោះរុស្ស៊ីវិញ គឺមិនចុះចាញ់ការសម្លុតគំរាមកំហែងរបស់អាមេរិកនោះទេ។

សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈ ចម្ងាយមធ្យម គឺជាសន្ធិសញ្ញាទ្វេភាគីរវាងអាមេរិក នឹងរុស្ស៊ី ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោកRonald Reagan និងមេដឹកនាំសហភាពសូវៀត លោក Mikhaïl Gorbatchevកាលពីឆ្នាំ ១៩៨៧។ សន្ធិសញ្ញានេះមួយបានជួយ បិទបញ្ចប់ភាពតានតឹង ការប្រឈមមុខដាក់គ្នាខាងផ្នែកយោធារបស់ភាគីទាំងពីរ ក្នុង សម័យសង្រ្គាមត្រជាក់ និងបានជួយទប់ ស្កាត់ មិនឲ្យមានការពង្រាយមីស៊ីលរបស់សហភាពសូវៀត ដែលមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បែរសំដៅ ទៅរដ្ឋធានីរបស់អឺរ៉ុប នៅទសវត្សរ៍ ឆ្នាំ ១៩៨០។

សន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ រយៈ ចម្ងាយមធ្យម មានគោលដៅហាមមិន ឲ្យភាគីអាមេរិក និងរុស្ស៊ីផលិតប្រើមីស៊ីល ទាំងឡាយណា ដែលអាចបាញ់បានក្នុង ចម្ងាយ ចាប់ពី ៥០០ទៅ ៥០០០គីឡូម៉ែត្រ ពោលគឺមិនថា មីស៊ីលដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬមីស៊ីលសម្រាប់ធ្វើសង្រ្គាម នោះទេ។ តាំងពីសន្ធិសញ្ញា បានចូលជាធរ មាន នៅឆ្នាំ ១៩៨៨ រហូតមកដល់ឆ្នាំ ១៩៩១ ភាគីហត្ថលេខីទាំងពីរ បានបំផ្លាញ មីស៊ីលបាញ់បានចម្ងាយមធ្យម របស់ខ្លួន ប្រមាណ ២៧០០ដើម ដែលនៅក្នុងនោះ មាន ១៧០០ដើមជារបស់ភាគីរុស្ស៊ី។

នៅឆ្នាំ ២០១៤ លោកប្រធានាធិបតីអូបាម៉ាធ្លាប់បានគំរាមដកអាមេរិកចេញពី សន្ធិសញ្ញា ម្តងហើយដែរ ប៉ុន្តែ ដោយសារតែប្រទេសសម្ពន្ធមិត្តអឺរ៉ុប ទាមទារខ្លាំង ពេក លោកអូបាម៉ាក៏បានបន្ធូរបន្ថយមក វិញ និងបានទាមទារឲ្យរុស្ស៊ី បញ្ឈប់ជា បន្ទាន់ការផលិតមីស៊ីលបាញ់បានរយៈ ចម្ងាយមធ្យម។ ភាគីអឺរ៉ុប កាលណោះ បានអះអាងថា ការដកខ្លួនរបស់អាមេរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរជាមួយរុស្ស៊ី នឹងរឹតតែជំរុញឲ្យមានការប្រកួតប្រជែង សព្វាវុធនុយក្លេអ៊ែរកាន់តែខ្លាំង ហើយកាន់តែគ្រោះថ្នាក់សម្រាប់ពិភពលោក។

រុស្ស៊ី៖ការដកខ្លួនរបស់អាមេរិកគឺជា ជំហានដ៏គ្រោះថ្នាក់

សម្រាប់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ការដកខ្លួនអាមេរិកចេញពីសន្ធិសញ្ញា នុយក្លេ អ៊ែរជាមួយ រុស្ស៊ីគឺជាជំហានមួយដ៏គ្រោះថ្នាក់។ សម្រាប់មន្រ្តីរុស្ស៊ី រុស្ស៊ីបានគោរព យ៉ាងទៀងទាត់ ពោល គឺមិនបានរំលោភសន្ធិសញ្ញាដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែ គឺភាគីអាមេរិកទេ ដែលបានរំលោភ កិច្ចព្រមព្រៀង កន្លងមក តាមរយៈការផលិតមីស៊ីលរយៈចម្ងាយមធ្យម សម្រាប់ធ្វើជា ខែលមីស៊ីល និងដាក់ពង្រាយ នៅក្នុង ប្រទេសអឺរ៉ុប ដូចជានៅប៉ូឡូញ ដែលអាច គំរាមគ្រប់ពេលវេលា សន្តិសុខរុស្ស៊ី។

សម្រាប់សមាជិកព្រឹទ្ធសភារុស្ស៊ី អាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម គឺស្តែងឲ្យឃើញ ពីចេតនាធំទី ២របស់អាមេរិកដែលចង់គំរាមកំហែងស្ថិរភាពពិភពលោក។ នៅឆ្នាំ ២០០១ អាមេរិករបស់លោកប្រធានាធិបតីប៊ូសធ្លាប់បានដកអាមេរិកចេញពីសន្ធិ សញ្ញាដែលហាមឃាត់ការផលិតមីស៊ីល ប្រឆាំងមីស៊ីលអន្តរទ្វីប ឬដែលគេហៅ ឈ្មោះម្យ៉ាងថា ប្រព័ន្ធខែលមីស៊ីល។

អ្នកវិភាគមួយចំនួនវាយតម្លៃថា រដ្ឋ បាលលោកដូណាល់ ត្រាំ ដឹងហើយថា រុស្ស៊ី បានលួចផលិតមីស៊ីលចម្ងាយមធ្យម បានសម្រេចតាំងពីយូរហើយ។ ប៉ុន្តែ លោកដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាស្តីពី អាវុធនុយក្លេ អ៊ែរចម្ងាយមធ្យម នៅពេលនេះ គឺមិនមែន ដោយសារតែរុស្ស៊ីនោះទេ ប៉ុន្តែ គឺដោយ សារតែចិនទៅវិញទេ។ ចិនដែលមិនត្រូវ បានចងដៃ ដោយសន្ធិសញ្ញាស្តីពីនុយ ក្លេអ៊ែរ ចម្ងាយមធ្យម បានបង្កើនការផលិតមីស៊ីលបាញ់រយៈចម្ងាយមធ្យម កាន់តែ ច្រើន និងបានបែរតម្រង់រួចហើយ សម្រាប់ទីតាំងយោធាយុទ្ធសាស្រ្តរបស់អាមេរិក នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក។

សម្រាប់អ្នកវិភាគមួយចំនួន រុស្ស៊ីបាន ផលិតមីស៊ីលចម្ងាយមធ្យម ដោយរំលោភកិច្ចព្រមព្រៀងជាមួយអាមេរិក ក៏ដោយ សារតែរុស្ស៊ី ឃើញចិនអាចផលិតបាន​ដោយសេរី មីស៊ីល ដែលអាចគ្រោះថ្នាក់ ផងដែរ សម្រាប់សន្តិសុខរបស់រុស្ស៊ី តំបន់ ជាប់ជាមួយប្រទេសចិននោះ៕ ម៉ែវ សាធី


ចែករំលែក៖