ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ្យធានីភ្នំពេញ បានកោះប្រជុំជាមួយមន្ត្រីជុំនាញពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីត្រៀមផែនការ រៀបចំព្រះរាជ្យពិធីបុណ្តអុំទូក និងពិធីបុណ្យឯករាជ្យជាតិធំៗជាបន្តបន្ទាប់គ្នា នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅរដ្ឋបាលរាជ្យធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអភិបាលគ្រប់ខណ្ឌ មន្ទីរ នានាក្រោមឱវាទរដ្ឋបាលរាជ្យធានីភ្នំពេញ តំណាងស្នងការនគរបាល និងកងរាជ្យអាវុធហត្ថរាជ្យធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធ័ផងដែរ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺយើងត្រៀមរៀបចំ បង្កើតគណ:កម្មការ និងអនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជ្យពិធីបុណ្យអុំទូក រៀបចខួបអនុស្សា វរីយ៍ លើកទី៦៥ នៃទិវាបុណ្យឯករាជ្យ្យជាតិ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ និងបុណ្យចូល ឆ្នាំសកលដែលប្រារព្ធធ្វើឡើងនៅរាជ្យធានីភ្នំពេញ ជាបន្ត បន្ទាប់គ្នានេះ។
លោកបន្ដថា៖ ឆ្នាំនេះក៏ដូចឆ្នាំមុនៗ រដ្ឋបាលរាជ្យធានីភ្នំពេញ នឹងរៀបចំតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញ មកទទួលភាពសប្បាយរីករាយក្នុងព្រះរាជ្យពិធីបុណ្យអុំទូក។ ដោយឡែកឆ្នាំនេះ រដ្ឋបាលរាជ្យធានីភ្នំពេញ នឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិត នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន នូវម៉ូតខ្លោងដែលមានសោភ័ណភាព ស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។ ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំង ដែលបានត្រៀមទុកជាស្រេច។
ខ្លឹមសារអក្សរ ដែលយើងត្រៀមសរសេរ លើកបដ្ដា នៅតាមដងផ្លូវសំខាន់ៗនោះ ដោយមានខ្លឹមសារ ៖ អបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ពិធីនោះបានប្រព្រឹត្ដទៅ ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ៤ទីតាំង រួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ្យ, របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត និងរបារកាត់ទទឹងតិរវិថីព្រះស៉ីសុវត្ថិចំណុចសួនព្រះគន្លុង។ ការទទួលរូបចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ៕ សំរិត