ព័ត៌មានទាន់ហេតុការណ៍៖

ទណ្ឌកម្មរបស់អាមេរិកមិនធ្វើឲ្យប្រទេសផ្សេងទៀតភ័យខ្លាចឡើយ

ចែករំលែក៖

ក្រុមចារកិច្ចអាមេរិក បានប្រកាសថា មាន១៣ប្រទេសធំៗ បានត្រៀមលក្ខណៈ ទិញមីស៊ីលការពារ S-400ពីរុស្ស៊ីដោយ មិនខ្លាចការដាក់ទណ្ឌកម្មពីអាមេរិក ឡើយ ។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសដែលជាសម្ពន្ធមិត្តរបស់អាមេរិកផងដែរ ដូចជា អាល់ហ្សេរី អេហ្សុីប អីុរ៉ាក់ ម៉ារ៉ុក កាតារ អារ៉ាប៊ីសាអ៊ូឌីត ជា ដើម។ ប្រទេសទាំងនោះមានបំណងទិញ មីស៊ីលពីរុស្ស៊ីជាជាងទិញពីអាមេរិក បើទោះបីមានការព្រមានពីទីក្រុងវ៉ាស៊ីនតោនថានឹងដាក់ទណ្ឌកម្មទៅលើប្រទេសណា ទិញអាវុធពីរុស្ស៊ីក្តី។

បណ្តាញទូរទស្សន៍ CNBC បានផ្សាយ ថា បណ្តាប្រទេស ដូចជា កាតារ អារ៉ាប៊ី សាអ៊ូឌីត អេហ្សុីប …ស្ថិតនៅក្នុងដំណាក់កាលនៃការពិភាក្សាទិញមីស៊ីលដ៏ទំនើប ពីទីក្រុងមូស្គូ ។រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ប្រទេសទាំងនោះនឹង កែប្រែចិត្ត បោះបង់គម្រោងទិញអាវុធ របស់រុស្ស៊ី ។ ប៉ុន្តែប្រទេសទាំងនោះមិន ខ្វល់ពីការដាក់សម្ពាធនោះឡើយ ចំណែក រុស្ស៊ីវិញបានត្រៀមលក់អាវុធ ឲ្យតែមាន អតិថិជនទិញ ។

ប្រព័ន្ធមីស៊ីល S-400 ត្រូវបានគេចាត់ទុកថាមានសមត្ថភាពខ្លាំងជាងមីស៊ីលការពាររបស់អាមេរិក THAAD ។ កាលពីខែ កញ្ញាកន្លងមកទីក្រុងវ៉ាស៊ីនតោនបានអនុ ម័តដាក់ទណ្ឌកម្មទៅលើប្រទេសចិនដែលបានទិញអាវុធពីរុស្ស៊ី ក្នុងនោះមានយន្ត ហោះចម្បាំង ទំនើបបំផុត Su-35 និង សម្ភារយោធាជាច្រើនទៀត ព្រមទាំង មីស៊ីលS-400ផងដែរ ។

ក្រៅពីចិននិងឥណ្ឌា ប្រទេសទួរគី ក៏បានកុម្ម៉ង់ទិញមីស៊ីលការពារពីរុស្ស៊ី ផងដែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ អតិថិជនសំខាន់របស់អាមេរិក គឺអារ៉ាប៊ី សាអ៊ូឌីតក៏បានចូលរួមទិញមីស៊ីលការពារ S-400 ធ្វើឲ្យអាមេរិក កាន់តែខឹងសម្បា យ៉ាងខ្លាំង ។

អឺរ៉ុបមិនខ្វល់ពីការព្រមានរបស់អាមេរិក ដោយបន្តរកស៊ីជាមួយអីុរ៉ង់

កាលពីថ្ងៃទី១៥ខែវិច្ឆិកា តំណាង ពិសេសរបស់អាមេរិក ទទួលបន្ទុកបញ្ហា អីុរ៉ង់ លោក Brian Hook បានព្រមានថា បណ្តាក្រុមហ៊ុនធំៗនៅអឺរ៉ុប កំពុងតែចូល រួម ដើម្បីការពារពាណិជ្ជកម្ម ជាមួយអីុរ៉ង់ ហើយក្រុមហ៊ុនទាំងនោះអាចប្រឈមនឹងការដាក់ទណ្ឌកម្មពីអាមេរិក។

លោក Brian Hook បញ្ជាក់ថា រាល់ ក្រុមហ៊ុនធំៗនៅអឺរ៉ុប តែងតែជ្រើសរើសទី ផ្សារ អាមេរិក ច្រើនជាងអីុរ៉ង់ ។ ចំណែក បណ្តាក្រុមហ៊ុននៅអឺរ៉ុប កំពុងតែងាកទៅ រកទីផ្សារផ្សេងក្រៅពីអាមេរិក ក្រោយពេល ប្រធានាធិបតីអាមេរិក ដំឡើងពន្ធមិនលើក លែង ដល់ប្រទេសជាសម្ពន្ធមិត្តអឺរ៉ុប ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បារាំង លោក Bruno Le Maireបានប្រកាសថា អឺរ៉ុប កំពុងតែបង្កើត ក្រុមហ៊ុន ដើម្បីបម្រើសេវាកម្ម ក្នុងវិស័យពាណិជ្ជកម្មជាមួយអីុរ៉ង់ ។ ទាំងនោះជា ផ្នែកមួយនៃគម្រោង«អធិបតេយ្យភាព សេដ្ឋកិច្ច»របស់អឺរ៉ុប ដោយមានគោលដៅ ធ្វើឲ្យប្រាក់ អឺរ៉ូ មានកម្លាំងខ្លាំងនិងធ្វើចរា ចរណ៍នៅលើទីផ្សារអន្តរជាតិ ប្រជែង ជាមួយប្រាក់ដុល្លារអាមេរិក ។

កន្លងមក ប្រធានាធិបតីអុីរ៉ង់ហាស្សាន់ រូហានីក៏បាន បញ្ជាក់ច្បាស់ៗតបនឹងអាមេ រិកថា អុីរ៉ង់នឹងបន្តនាំប្រេងចេញដោយមិនខ្វាយខ្វល់ពីទណ្ឌកម្មរបស់អាមេរិកទេ។ គួររម្លឹកថា ទណ្ឌកម្មអាមេរិកដាក់លើអុីរ៉ង់ជាថ្មីពេលនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបាន ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់កាលពីខែឧសភាកន្លងទៅ។

« អាមេរិកចង់កាត់បន្ថយការលក់ប្រេងរបស់អុីរ៉ង់ តែយើងនឹងបន្តលក់ប្រេងរបស់ យើង » នេះជាប្រតិកម្មខ្លាំងៗរបស់លោកហាស្សាន់ រូហានីតបនឹងទណ្ឌកម្មរបស់ អាមេរិកនៅតាមកញ្ចក់ទូរទស្សន៍ជាតិ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស អុីរ៉ង់លោកបារ៉ាម កាសេមីក៏បានបញ្ចេញប្រតិកម្មក្នុងថ្ងៃនេះដែរ តែបានលើកឡើងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអុីរ៉ង់ និងសហគមន៍អន្តរជាតិបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ២០១៥ ក្នុងនោះក៏មានភាគីអាមេរិកក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ា ម្នាក់ដែរ។

លោកកាសេមីចង់បញ្ជាក់ថា ទោះបីជាអាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះក៏ដោយ ក៏នៅសល់ក្រុមប្រទេសហត្ថលេខីផ្សេងទៀត រួមមានអាល្លឺម៉ង់ បារាំង អង់គ្លេស រុស្ស៊ី និងចិនដែលអុីរ៉ង់កំពុងបន្តមានទំនាក់ទំនងជាអចិន្ត្រៃយ៍។ ជាមួយនឹងក្រុមប្រទេសហត្ថលេខីនៅអឺរ៉ុប ទីក្រុងតេអេរ៉ង់ចង់បង្កើតនូវយន្តការមួយដែលអនុញ្ញាតឲ្យអុីរ៉ង់អាចបន្តធ្វើពាណិជ្ជកម្មជាមួយបាន។ តែលោក កាសេមីបានទទួលស្គាល់ថា ការបង្កើតឲ្យមានយន្តការមួយនេះនឹងត្រូវប្រើពេលយូរ។

សូមជម្រាបថា ការណ៍ដែលអាមេរិក របស់លោកដូណាល់ ត្រាំបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ និងដាក់ទណ្ឌកម្មជាថ្មីលើអុីរ៉ង់ គឺដើម្បី សង្កត់ ក អុីរ៉ង់ឲ្យឈប់គាំទ្រពួកសីុអុីតនៅក្នុងជម្លោះនៃតំបន់មជ្ឈិមបូព៌ា បញ្ឈប់ការអភិវឌ្ឍលើកម្មវិធីថាមពលនុយក្លេអ៊ែរ និងកម្មវិធីគ្រាប់មីស៊ីលបាលីស្ទិក។ តែបញ្ហា នៅត្រង់ថា ក្រុមប្រទេសហត្ថលេខីផ្សេង មិនយល់ឃើញដូចលោកត្រាំ និងបាន បញ្ជាក់ពីការមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះទេ។

គួររំឭកថា នៅដើមឆ្នាំ ២០១៦ ពោលគឺក្រោយពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ ២០១៥ សហគមន៍អន្តរជាតិបានលើកទណ្ឌកម្មសេដ្ឋកិច្ចមួយភាគធំចេញពីអុីរ៉ង់។ ចំណែកអុីរ៉ង់ក៏បានយល់ព្រមកាត់បន្ថយកម្មវីធីចម្រើនធាតុអ៊ុយរ៉ានីញ៉ូម របស់ខ្លួនដែរ។ ជាមួយនឹងការលើកទណ្ឌកម្មកាលនោះបានអនុញ្ញាតឲ្យអុីរ៉ង់ក្នុង នាមជាប្រទេសនាំប្រេងចេញទី៣ ក្នុង លោកអាចបង្កើនផលិតកម្មប្រេងរបស់ខ្លួនមកដល់បច្ចុប្បន្ន។ តែគេនៅមិនទាន់ដឹងថា តើការណ៍ដែលអាមេរិកបានត្រឡប់ទៅដាក់ ទណ្ឌកម្មឡើងវិញលើអុីរ៉ង់ជាលក្ខណៈឯកតោភាគីពេលនេះនឹងអាចជះផលវិបាកអ្វី ខ្លះដល់អុីរ៉ង់ និងដល់ពិភពលោក?៕ ម៉ែវ សាធី


ចែករំលែក៖