តាមរបាយការរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា សង្គ្រាមស៊ីវិលយេមែន បានអូសបន្លាយពីមួយថ្ងៃទៅមួយខែ, ទៅមួយឆ្នាំ… រហូតដល់ពេលនេះ រកស្រមោលនៃសន្តិភាពមិនឃើញ បើទោះបីមានការសម្របសម្រួលពីអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ ។
ស្លាកស្នាមនៃសង្គ្រាមនេះ ក្រៅពីធ្វើមនុស្សស្លាប់ ព្រាត់ប្រាស់បងប្អូន សាច់ញាតិ ក៏នៅបណ្តាលឲ្យពលរដ្ឋប្រឈមមហន្តរាយផ្សេងៗទៀតយ៉ាងឈឺចាប់ខ្លោចផ្សា ។ អង្គការសហប្រជាជាតិបានចេញរបាយការណ៍ចុងក្រោយបំផុតថា នៅក្នុងប្រទេសយេមែននេះ ពលរដ្ឋ២០លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន ហើយ២៥០.០០០នាក់ ប្រឈមនឹងមហន្តរាយផ្សេងៗ ហើយចំនួននេះអាចនឹងកើនឡើង បើភាគីពាក់ព័ន្ធមិនគិតគូរយកចិត្តទុកដាក់ដោះស្រាយ ឈានដល់បញ្ចប់ជម្លោះទេនោះ ។
សូមបញ្ជាក់ថា សង្គ្រាមយេមែនបានផ្ទុះឡើងនៅឆ្នាំ២០១៤ ពេលដែលត្រូមឧទ្ទាម Houthy ដែលមានអ៊ីរ៉ង់នៅពីក្រោយខ្នង បានកាន់អាវុធផ្តួលរំលំកម្លាំងរដ្ឋាភិបាលស្របច្បាប់គាំទ្រដោយលោកខាងលិច នៃប្រធានាធិបតី Abed Rabbo ហើយនៅឆ្នាំ២០១៥ សម្ព័ន្ធមិត្តយេមែន ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមសង្គ្រាមជាមួយក្រុមឧទ្ទាម Houthy ជួយដល់រដ្ឋាភិបាលលោក Abed Rabbo ។
កម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានវាយប្រហារតាមដែនអាកាសឆ្ពោះទៅគោលដៅសង្ស័យថាពួកឧទ្ទាមលាក់ខ្លួននោះ ជួនកាលខ្លះត្រូវ ខ្លះទៀតខុសគោលដៅ បណ្តាលឲគ្រាប់អាវុធទាំងនោះធ្លាក់ទៅចំសាលារៀន ចំផ្សារ ទីប្រជុំជន និងលំនៅឋានពលរដ្ឋរងគ្រោះ បណ្តាលឲ្យស្លាប់យ៉ាងរដូករណែល ហើយបើតាមរបាយការណ៍ថា មកដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតដោយសារសង្គ្រាមមួយនេះ មានដល់រហូត១០.០០០នាក់ហើយ ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពលរដ្ឋយេមែនប្រហែលខ្ទង់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំង ការដែលចេះបន្តសង្គ្រាមនៅក្នុងប្រទេសនេះ និងបានបិទផ្លូវចេញ ចូល ទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ នៅទីក្រុង Sanaa ផងដែរ ៕ ម៉ែវ សាធី