ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបារាំង ជំរុញបណ្តាក្រុមហ៊ុន លើកទឹកចិត្តដល់ ពលករ ដើម្បីបញ្ចប់ការតវ៉ា

ចែករំលែក៖

បាតុកម្មនៅក្នុងប្រទេសបារាំង ប្រឆាំងនឹងតម្លៃពន្ធប្រេងឡើងថ្លៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសណ្តាប់ធ្នាប់ ដោយបាតុកម្មបានប្រែក្លាយទៅជាអំពើហិង្សា ហើយបាតុករ រាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ។

កាលពីថ្ងៃទី១០ ខែធ្នូ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជំរុញឲ្យក្រុមហ៊ុនទាំងឡាយនៅក្នុងប្រទេសនេះ បើកប្រាក់បន្ថែមដំណាច់ឆ្នាំឲ្យដល់បុគ្គលិករបស់ខ្លួន ខណៈដែលប្រាក់ពន្ធបន្ថែមម៉ោងត្រូវបានកាត់ផ្តាច់ហើយនោះ ដើម្បីធ្វើឲ្យស្ថានការណ៍វិបត្តិនៅក្នុងប្រទេសនេះដោយសារតែ ក្រុមបាតុករអាវកាក់ពណ៌លឿងនោះ ថយកម្តៅចុះមកវិញ ។

ថ្លែងតាមបណ្តាញទូរទស្សន៍ និងវិទ្យុ លោកម៉ាក្រុង បញ្ជាក់ថា ប្រទេសនេះ បានពើបប្រទះនូវការដង្ហែក្បួនបាតុកម្មហិង្សាជាប្រវត្តិសាស្ត្រ ហើយគាត់ក៏មានចំណែកនៅក្នុងការទទួលខុសត្រូវចំពោះបញ្ហានេះដែរ ។ បាតុករទាំងនេះ គឺជាការបញ្ចេញមតិតាមទីសាធារណៈរយៈពេលជាងមួយសប្តាហ៍ដំបូងគេនៅបារាំង ។

សូមបញ្ជាក់ថា លោក ម៉ាក្រុង បានទទួលសំឡេងគាំទ្រលើសលប់ក្លាយជាប្រធានាធិបតីបារាំង ក្នុងអាណត្តិ៥ឆ្នាំ ដោយពុំមានការបោះឆ្នោតពាក់កណ្តាលអាណត្តិអ្វីឡើយ ។ មហិច្ឆតារបស់លោកដើម្បីបន្តតំណែងនៅអាណត្តិខាងមុខទៀត តាមគម្រោងកែទម្រង់លើកម្មវិធីដំឡើងពន្ធនោះ បែរជាទទួលបានការខឹងសម្បារពីសំណាក់ពលរដ្ឋទៅវិញ រហូតបណ្តាលឲ្យមានរលកបាតុកម្មហិង្សាបែបនេះ ។

នៅពេលនេះដែរ បារាំង បានស្នើរដល់បណ្តាប្រទេស មួយចំនួនកំលូកដៃចូលក្នុងរឿងផ្ទៃក្នុងរបស់បារាំង ។ ការលើកឡើងបែបនេះក្រោយពេលមានព័ត៌មានបានផ្សាយថា រុស្ស៊ីកំពុងតែលូកដៃចូលក្នុងវិបត្តិនៅបារាំង ។

ព្រឹត្តិការណ៍បាតុកម្មអាវកាក់លឿង និងអំពើហិង្សាកន្លងមកកំពុងត្រូវបានទទួលការចាប់អារម្មណ៍ និងបានក្លាយជាឧបករណ៍នយោបាយនៅក្នុងប្រទេសខ្លះ។ ទង្វើមួយនេះកំពុងធ្វើឲ្យក្រុងប៉ារីសមិនសប្បាយចិត្ត និងបានស្នើប្រទេសមួយចំនួនកុំឲ្យលូកដៃរឿងផ្ទៃក្នុងរបស់បារាំង។

អ្នកដែលបានឈឺឆ្អាល និងហាក់បានឆ្លៀតកេងចំណេញពីព្រឹត្តិការណ៍បាតុកម្មរបស់ពួកអាវកាក់លឿងក្នុងប្រទេសបារាំងពេលនេះ គឺលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ នៅក្នុងបណ្តាញសង្គម Tweeter លោកត្រាំបានសរសេរចាប់អារម្មណ៍នឹងបាតុកម្ម ថា ជាថ្ងៃ និងជាយប់ដ៏ទុក្ខព្រួយ។ ផ្តើមពីព្រឹត្តិការណ៍មួយនេះ លោកត្រាំបានឈានទៅនិយាយពីកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីអាកាសធាតុដែលលោកត្រាំបានដកអាមេរិកចេញ។ « ប្រហែលជាល្មមដល់ពេលដែលត្រូវលុបចោលកិច្ចព្រមព្រៀងក្រុងប៉ារីសគួរឲ្យអស់សំណើច ហើយប្រគល់លុយទៅឲ្យពលរដ្ឋដោយកាត់បន្ថយការបង់ពន្ធ » នេះជាឃ្លាដែលសរសេរចំអកដោយលោកដូណាល់ ត្រាំ។

ពាក្យមួយឃ្លានេះបានធ្វើឲ្យក្រុងប៉ារីសក្តៅស្លឹកត្រចៀកដោយប្រមុខការទូតបារាំងលោក Jean-Yves Le Drian បានបញ្ចេញប្រតិកម្មទាមទារឲ្យលោកត្រាំកុំលូកដៃចូលកិច្ចការផ្ទៃក្នុងបារាំង។ « យើងមិនបានលូកដៃចូលរឿងផ្ទៃក្នុងអាមេរិកាំងទេ ទុកឲ្យយើងរស់នៅជាមួយនឹងជីវិតជាតិរបស់យើង » នេះជាការថ្លែងរបស់លោក Jean-Yves Le Drian។ ពីប្រទេសតួកគី លោកប្រធានាធិបតីអ៊ែរដូហ្កានបានបញ្ជាក់ជាទូទៅថា ភាពអនាធិបតេយ្យកំពុងសោយរាជ្យនៅតាមផ្លូវជាច្រើនក្នុងបណ្តាប្រទេសអឺរ៉ុបដោយចាប់ផ្តើមនៅទីក្រុងប៉ារីស។ « ចំពោះខ្ញុំ លោកម៉ាក្រុងមិនមែនជាបញ្ហាទេ គឺជាបញ្ហារបស់ពលរដ្ឋបារាំង » នេះជាការថ្លែងរបស់រដ្ឋមន្រ្តីមហាផ្ទៃអ៊ីតាលីលោក Matteo Salvini ដែលបានចាត់ទុកការងើបបះបោររបស់ពួកអាវកកាក់លឿងពេលនេះជាការបរាជ័យរបស់នយោបាយអឺរ៉ុប។

ក្រៅពីប្រតិកម្មរបស់លោក Jean-Yves Le Drian ក៏មានប្រតិកម្មពីរដ្ឋមន្រ្តីសុខាភិបាលបារាំងលោកស្រី Buzyn។ លោកស្រី Buzynបានរិះគន់ ទិតៀនលើចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំបរទេសខ្លះដែលមានលក្ខណៈលូកដៃក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសបារាំង។ ក្រៅពីចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនយោបាយបរទេស ព្រឹត្តិការណ៍បាតុកម្មអាវកាក់លឿងក៏ត្រូវបានផ្សព្វផ្សាយ និងចែករំលែកនៅលើបណ្តាញសង្គមដែរ ហើយពេលខ្លះ ព័ត៌មានមួយនេះត្រូវបានគេយកទៅកែច្នៃខុសពីការពិត។ ស្ថាប័នសន្តិសុខបារាំងកំពុងតាមដានពិនិត្យលើព័ត៌មានដែលបានចុះផ្សាយនៅលើបណ្តាញសង្គមមួយចំនួន៕ ម៉ែវ សាធី


ចែករំលែក៖