យ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់ស្លាប់ និង១១នាក់រងរបួស នៅក្នុង ការបាញ់ប្រហារ ជិតផ្សាគ្រីស្មាស់ ក្នុងទីក្រុង Strasbourg ប្រទេសបារាំង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើង នៅយប់ថ្ងៃទី១១ ខែធ្នូ ។ ខ្មាន់កាំភ្លើងម្នាក់បានដើរឆ្លងកាត់ស្ពានទៅដល់ផ្សារលក់សម្ភារគ្រីស្មាស់ នៅវេលាម៉ោង២០ (ម៉ោងក្នុងប្រទេសបារាំង) រួចដកកាំភ្លើងបាញ់ទៅលើ ពលរដ្ឋស្លូតត្រង់ គ្មានកំហុសនៅទីនោះ ។
យ៉ាងហោចណាស់ ក៏មានមនុស្ស៤នាក់ស្លាប់ និង១១នាក់រងរបួស នៅក្នុងការបាញ់ប្រហារខាងលើ ។ ការិយាល័យ ព្រឹទ្ធសភាអឺរ៉ុប នៅទីក្រុង Strasbourg ក៏បានបិទទ្វារ ហើយបុគ្គលិកស្នើឲ្យភៀសខ្លួនទៅកាន់តំបន់សុវត្ថភាព ។ ទទឹមនឹងនោះ ប៉ូលិសបានស្នើរដល់ពលរដ្ឋ នៅក្នុងតំបន់ Neudorf និងរម្មណីយដ្ឋាន Etolie ក្នុងទីក្រុង Strasbourgស្នាក់នៅក្នុងផ្ទះ ពេលដែលកម្លំាងសន្តិសុខកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ ។
នៅពេលនេះ គេមិនដឹងពីមូលហេតុ បណ្តាលឲ្យមានការបាញ់ប្រហារទៅលើជនស្លូតត្រង់នោះឡើយ ប៉ុន្តែជនដៃដល់គឺស្ថិតនៅក្នុងការតាមដានពីកម្លាំងប៉ូលិស ដោយសារតែការគំរាមកំហែងដលសន្តិសុខជាតិ ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនដៃដល់ អាយុ២៩ឆ្នាំ ត្រូវបានប៉ូលិស ឆែកឆេរផ្ទះជនសង្ស័យ នៅព្រឹកថ្ងៃទី ១១ខែធ្នូ ដោយសង្ស័យជាប់ពាក់ព័ន្ធនិងការប្លន់ ប៉ុន្តែ ជនសង្ស័យខាងលើមិននៅផ្ទះឡើយានាពេលនោះ។
ប្រធានាធិបតីបារាំង លោក Emmanuel Macronបានតាមដានយ៉ាងយកចិត្តទុកដក់នៅករណីបាញ់ប្រហារខាងលើ ដោយលោកបញ្ជាឲ្យក្រសួងមហាផ្ទៃ ទៅកាន់ ទីក្រុង Strasbourg ជាបន្ទាន់ដើម្បីត្រួតពិនិត្យស្សានភាព ។
ហេតុការណ៍បាញ់ប្រហារកើតឡើងចំពេលដែលបារាំង កំពុងតែរឹតបន្តឹងសន្តិសុខ នៅតាមទីតាំងសំខាន់ៗ ពិសេសគឺតាមផ្សារគ្រីស្មាស់ ។ មធ្យោបាយធ្វើដំណើរ ដែលមិនមានការអនុញ្ញាត គឺមិនអាច ធ្វើដំណើរជិតផ្សារគ្រីស្មាស់ឡើយ ជាមួយគ្នានេះ ទីតាំងត្រួតពិនិត្យសន្តិសុខ ត្រូវបានដាក់នៅផ្លូវចូលផ្សារ ហើយកាបូប សម្ភារដែលយកតាម គឺឆ្លងកាត់ការឆែកឆេរទាំងអស់ ៕