ខេត្តកំពង់ស្ពឺ ៖ សិលាចារឹកខ្មែរដ៏មានតម្លៃមហាសាលមួយផ្ទាំង ដែលត្រូវបាន កសាងឡើងនៅមុនសម័យមហានគរ (សតវត្សរ៍ទី៧) មានចារឹកពាក្យដ៏សំខាន់ បំផុតថា «សុវណ្ណភូមិ» នោះត្រូវបានរក ឃើញវិញហើយនាថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ។ ក្រោយពីព្រះគ្រូចៅអធិការវត្តគិរីស្ដេងគង់ព្រមប្រគល់ ជូនអាជ្ញាធរ ដើម្បីយកមកតម្កល់ទុកជា សម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ។
សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំងក្នុងចំណោម៣៦ផ្ទាំង ដែលមានចារឹកពាក្យ «សុវណ្ណភូមិ»។ សិលាចារឹកនេះត្រូវបានរកឃើញក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចទុកនៅវត្តគិរីស្តេច គង់ ស្ថិតក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ។
ពាក់ព័ន្ធនឹងវត្ថុដ៏មានតម្លៃមហាសាលនេះ ដើមឡើយ ក៏បានបង្កជាការព្រួយបារម្ភ ខ្លាំងណាស់ដែរសម្រាប់ជាតិកម្ពុជាទាំងមូល ពីព្រោះតែព្រះគ្រូចៅអធិការវត្តគិរីស្ដេចគង់បានយកសិលាចារឹកនេះទៅលាក់ទុកនៅក្រោមដី (ក្នុងន័យដើម្បីថែរក្សាការពារសុវត្ថិភាពសិលាចារឹក) ព្រមទាំងកៀរគរប្រជាពុទ្ធបរិស័ទមករារាំងអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចមិនឱ្យចុះរកសិលាចារឹកដែល បានលាក់នោះទៀតផង ។
លោក ហម គឹមសុន អគ្គនាយករង បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការដែលអាជ្ញាធរស្នើយកសិលាចារឹកពីវត្តគិរីស្ដេចគង់នោះ គឺក្នុងគោលបំណងនាំយកសម្បត្តិដ៏មានតម្លៃនេះ ទៅតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិនៅសារមន្ទីរជាតិដើម្បីការពារសុវត្ថិភាពផង និងប្រើប្រាស់ជាប្រយោជន៍យ៉ាងច្រើនសម្រាប់ជាតិកម្ពុជាផង ។
ប៉ុន្តែព្រះចៅអធិការវត្ត និងប្រជាពល រដ្ឋមិនព្រមប្រគល់សិលាចារឹកនោះជូន អាជ្ញាធរសោះឡើយ ថែមទាំងយកសិលាចារឹកនោះទៅលាក់ទុកទៀត ជាហេតុបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្លាពីសំណាក់ មហាជន និងប្រជាជាតិខ្មែរទាំងមូល ចំពោះសុវត្ថិភាពសិលាចារឹករបស់ខ្មែរមួយផ្ទាំងនេះ ។
ដោយសារមានការសម្របសម្រួលពីថ្នាក់ដឹកនាំខេត្តនិងពីសំណាក់សម្ដេច ព្រះសង្ឃនាយក នន្ទ ង៉ែត ជូនចំពោះ ព្រះចៅអធិការវត្តគិរីស្តេចគង់ផងនោះ ទើបនាថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះចៅអធិការវត្ត គិរីស្ដេចគង់ ព្រមប្រគល់សិលាចារឹកជូន សមត្ថកិច្ច ។
ខណៈនេះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ព្រមទាំងកម្លាំងសមត្ថកិច្ចកំពុងរៀបចំ ដំណើរនាំយកសិលាចារឹកនោះមកតម្កល់ទុកនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ ដើម្បីជម្រះមន្ទិលជូនមហាជន និងដើម្បី ពង្រឹងការការពារសុវត្ថិភាពចំពោះសម្បត្តិបេតិកភណ្ឌជាតិមួយនេះផងដែរ ៕ ហេង សូរិយា