ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមដ៏មានកិត្យានុភាពប្រចាំប្រទេសកម្ពុជា ៥ ឆ្នាំជាប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាថ្មីម្តងទៀតត្រូវបានទទួលស្គាល់ស្នាដៃចំពោះការងារទំនួលខុសត្រូវសង្គមឆ្នើមដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។ សម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា ណាហ្គាវើលដ៍មានកិត្តិយសដែលបានឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក)។ ណាហ្គាវើលដ៍ ក៏បានឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” ផងដែរ។

ពានរង្វាន់ទាំងនេះ បញ្ជាក់អំពីភាពជាអ្នកដឹកនាំរបស់ណាហ្គាវើលដ៍នៅក្នុងទំនួលខុសត្រូវការងារសង្គមដែលបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងឥទ្ធិពលវិជ្ជមានក្នុងប្រទេសកម្ពុជាតាមរយៈក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ទាំងនេះដែលទទួលស្គាល់ការលះបង់របស់ណាហ្គាវើលដ៍បេះដូងសប្បុរសចំពោះសហគមន៍កម្ពុជា។ ការទទួលស្គាល់ស្នាដៃនេះ ជំរុញលើកទឹកចិត្តរបស់យើងឱ្យពង្រីកសកម្មភាពការងារសង្គមរបស់យើងបន្ថែមទៀតដែលបង្កើតការផ្លាស់ប្តូរដ៏មានសារសំខាន់ក្នុងប្រទេសកម្ពុជា”។

ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បានក្លាយជាកម្លាំងជំរុញសម្រាប់ការផ្លាស់ប្តូរវិជ្ជមានក្នុងប្រទេសកម្ពុជា។ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសផ្តោតលើសសរស្តម្ភសំខាន់ចំនួន ៤ គឺការអប់រំ សហគមន៍ កីឡា និងបរិស្ថាន។ មកដល់បច្ចុប្បន្ន ណាហ្គាវើលដ៍បេះដូងសប្បុរស បានដឹកនាំគំនិតផ្តួចផ្តើមចំនួន ៨២០ ដែលមានបុគ្គលិក ៨.៦៥២ នាក់បានស្ម័គ្រចិត្តចំណាយពេលវេលាផ្ទាល់ខ្លួនប្រមាណ ៤៤.៣៤២ ម៉ោងជួយដល់ប្រជាជនកម្ពុជា ៦៧៩.៤២៦ នាក់។

ណាហ្គាវើលដ៍បេះដូងសប្បុរស បន្តគំនិតផ្តួចផ្តើមថ្មីៗដែលស្របតាមគោលដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានដំណើរការ “កម្មវិធីប្រកួតប្រជែងសាលារៀនស្អាត និងបរិស្ថានបៃតង” ដែលពួកគេបានអប់រំដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ៦៧ អំពីការគ្រប់គ្រងសំរាម ការកែច្នៃឡើងវិញ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥” គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយដែលទទួលស្គាល់ក្រុមហ៊ុនក្នុងទ្វីបអាស៊ីដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច គុណតម្លៃវិជ្ជាជីវៈ ការគោរពសហគមន៍ និងការគាំពារបរិស្ថាន។ ព្រឹត្តិការណ៍ឆ្នាំនេះដែលត្រូវបានធ្វើឡើងក្នុងទីក្រុងហូជីមិញប្រទេសវៀតណាម បានទទួលពាក្យស្នើសុំជាង ២៥០ មកពីក្រុមហ៊ុនជាង ១០០ និងបានចូលរួមដោយគណៈអធិបតីដូចជា លោក Vu Minh Ly នាយករងមជ្ឈមណ្ឌលធនធាន និងទំនាក់ទំនងបរិស្ថាននៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន និងលោកបណ្ឌិត Tran Quy ប្រធានវិទ្យាស្ថានវៀតណាមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល៕ដោយ​៖តារា​

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ប្លាទីនីមឆ្នើមប្រចាំប្រទេសកម្ពុជានៅក្នុងផ្នែក “ឧត្តមភាពល្អបំផុតប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារចាប់ពី ១ ប៊ីលានដុល្លារអាម៉េរិក) និងឈ្នះពានរង្វាន់ប្រាក់នៅក្នុងផ្នែក “កម្មវិធីសហគមន៍ល្អបំផុត” នៅឯ “សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកល បរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៧ ប្រចាំឆ្នាំ២០២៥”។តាមរយៈកម្មវិធីគាំទ្រការអប់រំ និងការផ្សារភ្ជាប់ជាមួយសហគមន៍ ធនធានជាក់ស្តែង និងចំណេះដឹងដ៏មានសារសំខាន់ត្រូវបានផ្តល់ជូន និងជំរុញលើកទឹកចិត្តដល់កុមារដើម្បីលើកកម្ពស់ការគាំពារបរិស្ថាន និងអនាគតកាន់តែមាននិរន្តរភាព សកម្មភាពប្រមូលសំរាម សិក្ខាសាលា កម្មវិធីដាំកូនឈើ និងគំនិតផ្តួចផ្តើមជាច្រើនទៀត ត្រូវបានរៀបចំឡើង។កុមារ និងយុវជនត្រូវបានផ្តល់ឱកាសឱ្យបង្ហាញទេពកោសល្យ បង្កើនតមិត្តភាព និងប្រកួតប្រជែងតាមរយៈកម្មវិធីអភិវឌ្ឍកីឡារបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។


ចែករំលែក៖