កូរ៉េខាងជើង បានចោទប្រកាន់អាមេរិកថា មានទស្សនបញ្ជូនប្រទេសទាំងពីរ វិលត្រឡប់ទៅកាន់ដំណាក់កាលប្រឈមមុខដាក់គ្នា ពេលដែលទីក្រុងវ៉ាស៊ីនតោន បន្តដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូប ។
បើទោះបីមេដឹកនាំកូរ៉េខាងជើង បានសរសើរដល់ប្រធានាធិបតីដូណាល់ ត្រាំ ពីការខិតខំធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរមានភាពល្អប្រសើរឡើងវិញក្តី តែកូរ៉េខាងជើង បានចោទប្រកាន់ក្រសួងករបរទេសអាមេរិក បាននិងកំពុងព្យាយាមធ្វើឲ្យទំនាក់ទំនង ប្រឈមមុខតានតឹងដាក់គ្នា ដូចកាលពីឆ្នាំ ២០១៧ ដោយពេលនោះ ការគំរាមកំហែង ផ្ទុះអាវុធដាក់គ្នាបានកើតឡើងជាបន្តបន្ទាប់ ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បាន ដាក់ទណ្ឌកម្ម៨លើក ទៅលើបណ្តាក្រុមហ៊ុន បុគ្គល និងនាវាដឹកទំនិញ មិនត្រឹមតែរបស់កូរ៉េខាងជើងនោះឡើយ ថែមទាំងរបស់ប្រទេសចិន រុស្ស៊ី ព្រមទាំងប្រទេសផ្សេងទៀត ។
ក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបង្កើនការដាក់គំនាប ទៅលើទីក្រុងព្យុងយ៉ាងឲ្យបោះបង់កម្មវិធីបរមាណូនោះ គឺជារឿងខុសឆ្គង បំផុត ហើយរឿងនោះ នឹងធ្វើឲ្យ កូរ៉េខាងជើង អាចនឹងផ្អាកដំណើរការ នៃការរំសាយអាវុធបរមាណូជារៀងរហូត ដែលជាសកម្មភាព គ្មានអ្នកណាម្នាក់ចង់បាននោះឡើយ ។
ប្រតិកម្មរបស់ទីក្រុងព្យុងយ៉ាងកើតឡើង ក្រោយពេលដែលអាមេរិក បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង៣រូប ក្នុងនោះមាន ជំនួយការជាន់ខ្ពស់ របស់មេដឹកនាកូរ៉េខាងជើង គីម ជុងអ៊ុន ដោយចោទប្រកាន់ថា បានប្រើប្រាស់អំណាចខុសគោលដៅ ។
ដំណើរការរំសាយអាវុធបរមាណូ នៅឧបទ្វីបកូរ៉េ មិនមានការរីកចំរើននោះឡើយ ចាប់តាំងពី ជំនួបជាប្រវត្តិសាស្ត្រ កាលពីខែមិថុនា រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី ៕ ម៉ែវ សាធី