ព័ត៌មានទាន់ហេតុការណ៍៖

បំផ្ទុះ គ្រាប់បែកបង្កៃក្នុងរថយន្ត ស្លាប់និងរបួសជាច្រើននៅព្រំដែន ស៊ីរី ទួរគី

ចែករំលែក៖

មានមនុស្ស ៩នាក់បានស្លាប់ ក្រោយពេលរថយន្តផ្ទុកគ្រាប់បែក បានផ្ទុះនៅក្នុងផ្សារ នាទីក្រុង Afrin ភាគពាយព្យ នៃប្រទេសស៊ីរី ជាប់ព្រំដែន ទួរគី កាលពីថ្ងៃទី១៦ ខែធ្នូ ។ នេះជាការវាយប្រហារ ថ្មីបំផុត ទៅលើស្រុកដែលខ្មាន់កាំភ្លើង មានការគាំទ្រពីប្រទេសទួរគីគ្រប់គ្រង ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបានចតចោលនៅជិតផ្សារដែលមានមនុស្ស ចេញចូលច្រើន ក៏បានផ្ទុះឡើងបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ ការបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ត កើតឡើងក្រោយប៉ុន្មានថ្ងៃដែលមានការបំផ្ទុះគ្រាប់បែក នៅស្រុក Azaz ព្រំដែនទួរគី ដែលមានការគាំទ្រ ពី កម្លាំងទាហាន ទួរគី ។

តាមការសន្និដ្ឋានជាបឋម ក្រុមជនជាតិ ឃឺដ ជាអ្នកវាយប្រហារខាងលើ ក្រោយពេលដែល ទួរគីបានវាយប្រហារទៅលើក្រុមនេះក្នុងប្រទេសស៊ីរ ។ ក្រុមជនជាតិឃឺដ ត្រូវបានរដ្ឋាភិបាលស៊ីរីចាត់ទុកថា ជាក្រុមភេរវកម្ម ដែលត្រូវកម្ចាត់ ។

គណបក្សជនជាតិ ឃឺដ នៅក្នុងប្រទេសទួរគី ត្រូវបានហាមប្រាម ធ្វើសកម្មភាព ដោយរដ្ឋាភិបាលចាត់ទុក ក្រុមនេះថា ជាក្រុមភេរវនិយម និងជាក្រុមចូលរួមនៅក្នុងរដ្ឋប្រហារ ដោយយោធាមិនបានសម្រេច ។

មន្ទីរបញ្ចកោណអាមេរិក បានព្រមានថា រាល់សកម្មភាពជាឯកតោភាគីណាមួយរបស់ទួរគី នៅតំបន់ភាគខាងជើងស៊ីរី គឺមិនអាចទទួលយកបានឡើយ ។ កាលពីថ្ងៃទី១២ ខែធ្នូ កន្លងមក ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានប្រកាសថា កម្លាំងទាហានទួរគី នឹងបើកការវាយប្រហារ ទៅលើក្រុម ឧទ្ទាមជនជាតិ ឃឺដ នៅក្នុងប្រទេសស៊ីរី ៕ ម៉ែវ សាធី


ចែករំលែក៖