កម្លាំងទាហានបដិវត្តន៍ អិស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឧត្តមសេនីយ៍មួយរូប ឈ្មោះ Ghodratollah Mansouri ដែលកំពុងតែបំពេញ ការងារនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ បានភ្លាត់ស្នៀត រាលកៃកាំភ្លើង បាញ់ចាំក្បាលខ្លួនឯង ពេលកំពុងតែជូតសម្អាត ។
នៅក្នុងសេចក្តីប្រកាសលើគេហទំព័រ ផ្លូវការ របស់ IRGC បានបញ្ជាក់ថា ឧត្តមសេនីយ៍ Mansouri ធ្លាប់ ចូលរួមនៅក្នុងសង្គ្រាម អ៊ីរ៉ាក់-អ៊ីរ៉ង់ នាឆ្នាំ ១៩៨០ ។ បច្ចុប្បន្ន លោកគឺជាមេបញ្ជាការកងទ័ពអ៊ីរ៉ង់ ធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម ISនៅអ៊ីរ៉ាក់ និងស៊ីរី ។ ការស្លាប់របស់ មេទ័ព Mansouri បានបង្កឲ្យមានពាក្យចរចាមអារ៉ាមពីមូលហេតុ ឈានដល់ការស្លាប់ ។
កន្លងមក ក្លឹបអ្នកសារព័ត៌មានវ័យក្មេង YJC បានផ្សាយថា ឧត្តមសេនីយ៍បានស្លាប់ ក្រោយមានជំងឺ បានព្យាបាលមួយរយៈពេលយូរ ។ ប៉ុន្តែ YJC បានលុបព័ត៌មានខាងលើវិញ ក្រោយពេលដែល IRGC បានចេញសេចក្តីប្រកាសជាផ្លូវការ ។ ក្រុមកាសែតយុវជនមានទំនាក់ទំនងជាមួយបណ្តាញទូរទស្សន៍ជាតិ IRIB ក្រោមការគ្រប់គ្រងរបស់ មេដឹកនាំជាន់ខ្ពស់ Ali Khamenei ។
មេបញ្ជាការកងទ័ព IRGC ឧត្តមសេនីយ៍ Mohammad Ali Jafari បានរំលែកទុក្ខដល់ការស្លាប់ របស់មន្ត្រីជាន់ខ្ពស់ថ្នាក់ក្រោមរបស់លោក ។ លោក Mansouri ជាមេបញ្ជាការកងទ័ព ជើងគោក ស្ថិតនៅក្នុងកម្លាំង IRGC ប្រចាំនៅទីក្រុងMashhad ភាគឦសាននៃប្រទេសអ៊ីរ៉ង់ ចម្ងាយពីទីក្រុង តេអេរ៉ង់ ប្រមាណ៩០០គីឡូម៉ែត្រ ៕ ម៉ែវ សាធី