ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការពារជាតិអាមេរិក Jim Mattis លាលែងពីតំណែង

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក លោក Jim Mattis បានដាក់លិខិត​លាលែង​ពីតំណែង​ផ្ញើទៅជូនប្រធានាធិបតីដូណាល់ ត្រាំ រួច​ហើយ​កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលមូលហេតុ នៃការលាលែង ត្រូវគេសង្ស័យថា ពាក់ព័ន្ធការខ្វែងគំនិត​លើបញ្ហាដកកងទ័ពអាមេរិក​ចេញពីសង្គ្រាមក្នុង​ប្រទេសស៊ីរី ។ លោក Mattis បានដាក់លិខិតដោយមានសរសេរថា «អ្នកមានសិទ្ធិនៅក្នុងការជ្រើសរើស​​រដ្ឋមន្ត្រីការពារជាតិ ដែលមានទស្សនៈ​ល្អប្រសើរ​ស្របតាម​ការចង់បានរបស់ខ្លួន» ។

លោកដូណាល់ ត្រាំ បានថ្លែងនៅលើបណ្តាញសង្គមថា លោក Mattis នឹងចាកចេញ​ពីតំណែងរដ្ឋមន្ត្រីការពារជាតិអាមេរិក នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយកាន់តួនាទីនេះបានពីរឆ្នាំ ហើយថា លោក Mattis ចូលនិវត្តន៍, ប៉ុន្តែមិនមែន​អ្វីដែលលោក Mattis ជាអ្នកនិយាយនោះទេ ។

សូមញ្ជាក់ថា រឿងរ៉ាវខាងលើនេះ កើតឡើង​មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដូណាល់ ត្រាំ, សម្ពន្ធមិត្ត និងសមាជិកសភា​អាមេរិក​មួយចំនួន សប្បាយចិត្ត​ខណៈសម្រេចដកកងទ័ពចេញពីសង្គ្រាមស៊ីរី ក៏ដូចគម្រោង​ដកកងទ័ពចេញពីអាហ្វហ្គានីស្ថានផងដែរនោះ ។
ការសម្រេចចិត្ត​ដកទាហានចេញពីស៊ីរី​នេះ បាននាំឲ្យមានការរិះគន់​ថា អាមេរិក​បោះបង់ចោលសម្ពន្ធមិត្ត Kurdish របស់ខ្លួន ដែលប្រឈមមុខនឹងការ​សម្លាប់​រង្គាលពីក្រុមទួរគី ពេលដែលអាមេរិកចាកចេញផុត ។ មន្ទីរបង់តាហ្គូន បានប្រឆាំងការសម្រេចចិត្តនេះ ។

មូលហេតុនៃការលាលែង​របស់​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​នាពេលនេះ ទំនងជាមិនសប្បាយចិត្ត​ទៅនឹងគោលជំហររបស់ដូណាល់ ត្រាំ ក្នុងបញ្ហា​ដកកងទ័ពពីសង្គ្រាមស៊ីរីនោះហើយមើលទៅ ៕


ចែករំលែក៖