ព័ត៌មានទាន់ហេតុការណ៍៖

សន្និបាតគណបក្សប្រជាជនកម្ពុជាបីថ្ងៃ សម្រេចបានលទ្ធផល១១ចំណុច

ចែករំលែក៖

ភ្នំពេញ៖ ក្រោយបញ្ចប់អង្គសន្និបាតរបស់ខ្លួនដែលបានរៀបចំធ្វើចាប់ពីថ្ងៃទី១៨ ដល់ ២០ ធ្នូគណបក្សប្រជាជន កម្ពុជាសម្រេចបាននូវលទ្ធផល១១ចំណុច។ នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីលទ្ធផលនៃសន្និបាត គណៈកម្មាធិការកណ្ដាលលើកទី៤១ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ចេញនៅល្ងាចថ្ងៃ ២០ ធ្នូ។

លទ្ធផលទាំង១១ចំណុចនោះមានដូចជា ៖ ទី១.បានឯកភាពលើរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និង ការងារគណបក្សឆ្នាំ២០១៨ និងទិសដៅភារកិច្ចឆ្នាំ២០១៩។ បានកែប្រែរចនាសម្ព័ន្ធ និងបោះឆ្នោត ជ្រើសតាំងបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលចំនួន៧រូបរួមមានឯកឧត្ដម ជា សុផារ៉ា, ឯកឧត្ដម ប្រាក់ សុខុន, ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្ដម វង្ស ពិសេន, ឯកឧត្ដម សៅ សុខា, ឯកឧត្ដម ឥត សារ៉ាត់ និងឯកឧត្ដម ហ៊ុន ម៉ាណែត។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងឯកឧត្ដម ឯក សំអុល ជាសមាជិក និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាល។

ទី២.អង្គសន្និបាតបានសម្ដែងនូវការគោរព និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិនៅ គ្រប់ទិសទី និងគ្រប់មជ្ឈដ្ឋានទាំងអស់ក្នុងសង្គម ដែលបានផ្ដល់យុត្តិធម៌ និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេសនៅអាណត្តិទី៦បន្តទៀត។

អង្គសន្និបាតក៏បានកត់សម្គាល់ប្រកបដោយមោទនភាពចំពោះសមិទ្ធផលនៃវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨ ដែលសម្រេចបាន និងពង្រីកបាននូវភាពអនុគ្រោះសម្រាប់ឆ្នាំ២០១៩បន្តទៀត។ ទី៤.អង្គសន្និបាត ក៏បានជំរុញដល់ការអនុវត្តឱ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦។

អង្គសន្និបាតក៏បានពិនិត្យលទ្ធផលនៃការអនុវត្តការកែទម្រង់អភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលដែលមកទល់ឆ្នាំ២០១៨ សម្រេចបានវឌ្ឍនភាពជាមូលដ្ឋានក្នុងការធ្វើ ទំនើបកម្មប្រព័ន្ធអភិបាលកិច្ច, ជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធ យុត្តិធម៌, ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់ហិរញ្ញវត្ថុជាដើម។

អង្គសន្និបាតក៏បានកត់សម្គាល់យ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍អន្តរជាតិ ដោយក្នុងស្ថាន ភាពនេះកម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជ មាន ខិតខំពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងប្ដេជ្ញាចូលរួមវិភាគទានកាន់តែសកម្ម

ដល់បុព្វហេតុដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពរបស់តំបន់ និងពិភពលោក។

ទី៧.អង្គសន្និបាតប្ដេជ្ញាតម្កល់ខ្ពស់ស្មារតីស្នេហាជាតិដ៏បរិសុទ្ធ ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបុរណភាពទឹកដី ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងមិនឱនក្បាល ចំពោះការដាក់សម្ពាធណាមួយពីខាងក្រៅនោះឡើយ។

អង្គសន្និបាតក៏បានសម្ដែងនូវការគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលចូលរួមពីតំណាង គណបក្សនយោបាយចំនួន១៦ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លង មក។

អង្គសន្និបាតក៏បានពិភាក្សា និងកំណត់ទិសដៅ វិធានការសំខាន់ៗ ដើម្បីអនុវត្តផែនការឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ឧសភា ឆ្នាំ២០១៩។

ទី១០.អង្គសន្និបាតបានកំណត់ទិសដៅបន្តកសាង និងពង្រឹងគណបក្សឱ្យរឹងមាំលើគ្រប់វិស័យ។ និងទី១១. អង្គសន្និបាតក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់នៅគ្រប់ទិសទី គ្រប់គណបក្សនយោ បាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម រួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយនៅ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបន្ត កសាង និងការពារមាតុភូមិ ឱ្យស្ថិតស្ថេររីកចម្រើនខ្លាំងក្លាក្នុងឯករាជ្យ ឯកភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម៕


ចែករំលែក៖