រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថា អាមេរិក និងសម្ពន្ធមិត្ត លោកខាងលិច មិនត្រូវ បង្កជម្លោះដោយមហិច្ឆតា ភូមិសាស្ត្រ នយោបាយ ដោយដាក់គំនាបទៅលើរុស្ស៊ី ។
លោក Sergey Lavrov បញ្ជាក់ កាលពីថ្ងៃទី២៤ ខែធ្នូថា «ខ្ញុំជឿជាក់ថា មនុស្សគ្រប់រូបនៅលើពិភពលោកបានដឹងយ៉ាងច្បាស់ថា ប្រសិនបើមានសង្គ្រាមប្រដាប់អាវុធកើតឡើងរវាង មហាអំណាចយោធា អាមេរិក -រុស្ស៊ីនោះនឹងបង្កឲ្យមានសោកនាដកម្មដល់មនុស្សជាតិទាំងមូល» ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបញ្ជាក់ថា មិនមានភាគីណាមួយអាចទទួលបានជ័យជំនៈនៅក្នុងសង្គ្រាមបរមាណូនោះឡើយ ប៉ុន្តែសង្គ្រាមបែបនេះ នឹងមិនផ្ទុះឡើងជាដាច់ខាត ។
លោក Lavrov បញ្ជាក់ទៀតថា«ទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្ត បានខិតខំពង្រីកអំណាច ទាំងភូមិសាស្ត្រ នយោបាយ ធ្វើឲ្យផ្លាស់ប្តូរទម្រង់ពិភពលោក ។ សកម្មភាពទាំងនោះ នឹងជំរុញឲ្យមាន វិវាទកាន់តែខ្លាំង អាចឈានដល់សង្គ្រាម ប្រដាប់អាវុធ ។
មន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា ការបង្កជម្លោះ តាមរយៈការបរទេសកាន់តែកើនឡើង ចំណែកកិច្ចពិភាក្សាស្វែងរកដំណោះស្រាយ ត្រូវបានជាប់គាំង។ វិវាទបែបនេះ នឹងបង្កឲ្យមានជម្លោះអរូបិយ អាចជំរុញ ឲ្យមានសោកនាដកម្ម ពិភពលោកទាំងមូល ។
ក្រុមអ្នកឯកទេស បានលើកឡើងថា បច្ចុប្បន្ន អាមេរិក និងរុស្ស៊ី មានអាវុធបរមាណូ ប្រហាក់ប្រហែលគ្នា គឺភាគីនីមួយៗ មាន ក្បាលគ្រាប់បរមាណូជាង៧ពាន់គ្រាប់ ។
ចំពោះរុស្ស៊ី បច្ចុប្បន្ន មានសម្ភារឧបករណ៍ សម្រាប់វាយប្រហារដោយអាវុធបរមាណូ ៥២៧ គ្រឿង ក្នុងនោះ មាន កាំជ្រួចមីស៊ីលឆ្លងទ្វីប យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ មីស៊ីលបរមាណូបាញ់ចេញពីនាវាមុជទឹក … ដែលបានបំពាក់ក្បាលគ្រាប់បរមាណូ ដល់ទៅ១៤៤៤គ្រាប់។ ចំណែកអាមេរិក វិញ មានឧបករណ៍ ៦៥២ និង ក្បាលគ្រាប់បរមាណូ១៣៥០គ្រាប់ ដែលបានដាក់ឲ្យដំណើរការក្នុងជួរកងទ័ព សម្រាប់ធ្វើសង្គ្រាម ។
ចំណុចទាំងនោះហើរបើប្រទេសទាំងពីផ្ទុះសង្គ្រាមបរមាណូនោះ ជាមហន្តរាយពិត ប្រាកដដល់មនុស្សជាតិទាំង មូល ដោយគ្រាប់បែកបរមាណូនីមួយៗ អាចបំផ្លាញទីក្រុង មួយទាំងមូល ៕