ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយស្ងប់ស្ងាត់ លោកត្រាំគ្រោងជួបជាមួយគីម ជុងអ៊ុន

ចែករំលែក៖

ក្រោយការថ្លែងសុន្ទកថា ស្វាគមន៍ឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានបង្ហាញ​ការខកចិត្តចំពោះ អាមេរិក ដែលមិនមានការរីកចំរើន នៅក្នុង កិច្ចពិភាក្សា ស្វែងរកដំណោះស្រាយបរមាណូ ដើម្បីដោះដូរនៅការបញ្ចប់ទណ្ឌកម្ម ។ ភ្លាមៗនោះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានឆ្លើយតបទៅនឹង សារស្វាគមន៍ឆ្នាំថ្មីរបស់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដោយលោកប្រកាសថា ត្រៀមជួបពិភាក្សា ជាលើកទីពីរ ។

នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី២ ខែមករា នេះ ប្រធានាធិបតីដូណាល់ ត្រាំបានរំលឹកឡើងវិញ នូវការប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុនថា នឹង មិនផលិត សាកល្បង ឬ ផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសផ្សេងទៀតឡើយ ។

លោកត្រាំបានសរសេរថា «ខ្ញុំគិតថា នឹងជួបពិភាក្សា ជាមួយ លោក គីម ជុងអ៊ុន ដែលជាបុគ្គលមានទស្សនវិស័យច្បាស់លាស់ ។ កូរ៉េខាងជើងនឹងមានការរីកចំរើនខ្ពស់ លើវិស័យសេដ្ឋកិច្ច នាពេលអនាគត»។

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានថ្លែងសុន្ទរកថាស្វាគមន៍ឆ្នាំថ្មី ផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ ហើយលោកប្រកាស់ថានឹងត្រៀមជួបពិភាក្សាជាមួយលោកត្រាំ គ្រប់ពេលវេលា ដើម្បីឈានដល់លទ្ធផលដែលពិភពលោកទាំងមូលទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ។

សារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា កូរ៉េខាងជើងបានឈប់ផលិត សាកល្បង ឬផ្គត់ផ្គង់អាវុធ ។ ជាមួយគ្នានោះក៏បានអំពាវនាវដល់អាមេរិក មានសកម្មភាព ល្អមកលើកូរ៉េខាងជើង ៕


ចែករំលែក៖