ភ្នំពេញ៖អតីតសកម្មជនក្រុមប្រឆាំងម្នាក់បានត្រូវ សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ ដើម្បីសាកសួរករណី ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម។
រហូតមកដល់ព្រលប់ថ្ងៃដដែលនេះលោកអ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ អតីត សកម្មជនក្រុមប្រឆាំងឈ្មោះ គង់ ម៉ាស់ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិខ្លាលោតឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង។
តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ក្រោយឃាត់ខ្លួន ជននេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសាកសួរ។ តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយនាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន៕
ដោយ៖ ចេស្តា