ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចពិភាក្សា ពាណិជ្ជកម្មអាមេរិក-ចិន​ចាប់ផ្តើម​ហើយ ដោយពិបាករកច្រកចេញ​បញ្ជប់សង្គ្រាម

ចែករំលែក៖

កិច្ចពិភាក្សាជាន់ខ្ពស់រវាង​គណៈប្រតិភូពាណិជ្ជកម្ម ចិន នឹងអាមេរិក ធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ​នាថ្ងៃទី​៣០ ខែមករា ។ ក្រុមអ្នកតាមដាននៃកិច្ចពិភាក្សលើកឡើងថា ប្រទេសទាំងពីរពិបាកឈានដល់កិច្ចព្រមព្រៀង បញ្ជប់វិបត្តិខ្លាំងណាស់ ។ ប្រទេសទាំងពីរនឹងបន្តប្រឈមមុខដាក់គ្នាកាន់តែតានតឹងថែមទៀត ។

ដោយមិនមានសញ្ញាវិជ្ជមាន បណ្តាប្រទេសជុំវិញពិភពលោក បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក នឹងចិន ដោយ​សង្គ្រាមនោះ មិនមានភាគីណាមួយ ជាអ្នកឈ្នះឡើយ ហើយអ្នកចាញ់វិញ ក៏មិនមែនតែអាមេរិក ឬចិននោះដែរ គឺពិភពលោកទាំងមូលជាអ្នកបរាជ័យ ដោយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ។

ដោយហេតុនោះ ហើយបានជាប្រទេសដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក ក្នុងនោះមានអូស្ត្រាលីជាដើម បានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោន ពិចារណាឡើងវិញនូវសង្គ្រាមពាណិជ្ជកម្មជាមួយចិន​។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne​ ថ្លែងសុន្ទរកថា ពេលបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោនថា​ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ គួរតែមានវិធានការផ្សេង ដើម្បីបញ្ជប់សង្គ្រាមពាណិជ្ជកម្ម មិនត្រូវអូសបន្លាយ​ជាមួយទីក្រុងប៉េកាំងឡើយ​។

នៅពេលនេះដែរ សហរដ្ឋអាមេរិក និងចិន បានចូលរួមជុំសំខាន់នៃកិច្ចពិភាក្សាស្តីពីបញ្ហាសង្រ្គាមពាណិជ្ជកម្មកាលពីថ្ងៃទី​៣០ ខែមករា​ ហើយបន្តខ្វែងគំនិតគ្នា លើការទាមទាររបស់ទីក្រុងវ៉ាស៊ីងតោនសម្រាប់កំណែទម្រង់សេដ្ឋកិច្ចតាមរចនាសម្ព័ន្ធពីទីក្រុងប៉េកាំង និងធ្វើឲ្យពួកគេពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀង មុនការដំឡើងពន្ធសហរដ្ឋអាមេរិក ចូលជាសុពលភាពនៅថ្ងៃទី២ ខែមីនា ខាងមុខនេះ។

ភាគីទាំង២ នឹងជួបជួបគ្នានៅឯសេតវិមាន នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់បំផុតរបស់ពួកគេ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោកហ្ស៊ី ជីងពីង បានព្រមព្រៀងគ្នាលើការបញ្ឈប់សង្រ្គាមពាណិជ្ជកម្មរយៈពេល៩០ថ្ងៃរបស់ពួកគេ កាលពីខែធ្នូ។

អ្នកដែលនៅជិតស្និទ្ធនឹងកិច្ចពិភាក្សានេះ និងក្រុមអ្នកជំនាញពាណិជ្ជកម្ម ដែលកំពុងឃ្លាំមើលពួកគេ បាននិយាយថា មាននូវការបង្ហាញយ៉ាងច្បាស់ថា ក្រុមមន្រ្តីចិន ចង់លើកឡើងពីបញ្ហាស្នូលនៃការទាមទាររបស់សហរដ្ឋអាមេរិក ដើម្បីការពារកម្មសិទ្ធិបញ្ញាសហរដ្ឋអាមេរិក និងបញ្ចប់គោលនយោបាយដែលទីក្រុងវ៉ាស៊ីងតោន អះអាងថា បានបង្ខំឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិកផ្ទេរបច្ចេកវិទ្យាទៅកាន់ក្រុមហ៊ុនចិន។

ការប្តឹងផ្តល់របស់សហរដ្ឋអាមេរិក ជាមួយនឹងការចោទប្រកាន់ចិនថា បានលួចការណ៍សម្ងាត់ពាណិជ្ជកម្មសហរដ្ឋអាមេរិក និងយុទ្ធនាការជាប្រព័ន្ធដើម្បីទទួលបានក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាមេរិក ត្រូវបានប្រើប្រាស់ដោយរដ្ឋបាលរបស់លោកត្រាំ ដើម្បីដំឡើងពន្ធ២៥០ពាន់លានុដល្លារនៃការនាំចូលទំនិញចិន៕


ចែករំលែក៖