ស្លាប់កើនឡើងជិត៦០នាក់ហើយនៅក្នុងគ្រោះអគ្គិភ័យឆាប់ឆេះ ផ្ទះទុកធ្វើជាឃ្លាំង សម្រាប់រក្សាទុកនៅសារធាតុគីមី ស្ថិតនៅទីក្រុង បុរាណប្រទេស បង់ក្លាដែស ។
ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង២២និង៤០នាទី ម៉ោងក្នុងតំបន់ កាលពីថ្ងៃទី ២០ខែកុម្ភៈ ហើយបានរាលដាលឆេះផ្ទះ ពលរដ្ឋជាច្រើនខ្នងនៅក្បែរនោះ ។ កម្លាំងជួយសង្គ្រោះ ពន្លត់អគ្គីភ័យបានចំណាយពេល ជាង៥ម៉ោង ទើបអាចគ្រប់គ្រងបាន ។ ប៉ុន្តេរហូតមកដល់ព្រឹកថ្ងៃទី២១ ខែកុម្ភៈ អណ្តាតភ្លើងមិនទាន់ រលត់ទាំងស្រុងនៅឡើយ ។ ក្រុមបន្លត់អគ្គិភ័យជាង២០០នាក់ចូលរួមសកម្មភាព ខាងលើ ។
ប្រភព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើង អាចបណ្តាលមកពីការផ្ទុះបំពង់ហ្គាស ហើយបានរាលដាលយ៉ាងឆាប់រហ័ស ដោយនៅខាងក្នុងបានផ្ទុកវត្ថុងាយឆាប់ឆេះ ។ ផ្ទះ៤ខ្នងនៅក្បែរនោះដែលបានប្រើប្រាស់ធ្វើជាឃ្លាំងស្តុកទំនិញ ក៏បានឆាប់ឆេះផងដែរ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មកទល់ពេលនេះ មានអ្នកស្លាប់កើតឡើងដល់ទៅ៥៦នាក់ហើយ ។
សារព័ត៌មានស៊ីនហួបានផ្សាយថា គ្រោះអគ្គិភ័យខាងលើកើតឡើងនៅទីក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ក្រុមពន្លត់អគ្គិភ័យបានបញ្ជាក់ថា ចំនួនជនរងគ្រោះអាចកើនច្រើនជាងនេះ ក្រោយពីភ្លើងបានឆេះរាលដាល រហូតដល់ជាង៥ម៉ោង រំលងអធ្រាត្រ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
លោកAli Ahmed Khan ប្រធានក្រុមពន្លត់អគ្គិភ័យបង់ក្លាដែស បានអះអាងថា មិនអាចបញ្ជាក់ប្រាប់ពីមូលហេតុ បង្កឲ្យអគ្គិភ័យនេះកើតឡើងនៅឡើយទេ ។ ប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសអះអាងថា មនុស្សជាច្រើននាក់បានរងរបួស ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
គ្រោះអគ្គិភ័យតែងឆក់យកជីវិតពលរដ្ឋបង់ក្លាដែសរាប់រយនាក់ក្នុងមួយឆ្នាំៗ ដោយអាស្រ័យច្បាប់ស្តីអំពីសុវត្ថិភាព ក្នុងប្រទេសក្រីក្រមួយនេះ មិនត្រូវបានយកចិត្តទុកដាក់អនុវត្តនោះទេ ។ អគាររោងចក្រកាត់ដេរ Rana Plaza កាលពីឆ្នាំ២០១៣នោះ បានបាក់រលំ សម្លាប់មនុស្សជាង១,១០០នាក់ ភាគច្រើនជាកម្មកររោងចក្រ ៕