យន្តហោះគ្មានមនុស្សបើក Drone កន្លងមកបានធ្វើឲ្យអាកាសយានដ្ឋានអន្តរជាតិ នៅប្រទេសអង់គ្លេស ត្រូវពន្យារពេលហោះហើរ ឬផ្អាកជាច្រើនម៉ោង ក្រោយប្រទះឃើញ ឌ្រូន ហោះហើរនៅក្នុងបរិវេណ អាកាសយានដ្ឋាន ។ នោះមិនមែនជាលើកទីមួយឡើយ បានកើតឡើងជាញឹកញាប់នៅក្នុងប្រទេស អង់គ្លេស។
នៅពេលនេះ មានជើង ហោះហើរ ទាំងទៅ និងត្រឡប់មក នៅអាកាសយានដ្ឋាន Dublin ប្រទេសអៀរឡង់ កាលពីថ្ងៃព្រហស្បតិ៍ ២១ កុម្ភៈ បានផ្អាកជាបណ្តោះអាសន្ន ក្រោយយន្តហោះគ្មានមនុស្សបើក Drone មួយគ្រឿង បានហោះក្រឡឹងក្បែរខាងបរិវេណអាកាសយានដ្ឋាន ។ អាជ្ញាធរអាកាសចរណ៍អៀរឡង់ ប្រកាសផ្អាកជើងហោះហើរទាំងអស់ ប្រហែល៣០នាទី បន្ទាប់ពីអាកាសយានិក បញ្ជាក់ថា ប្រទះឃើញយន្តហោះ Drone នៅវេលាម៉ោង១១និង៣០នាទីព្រឹក ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ខណៈដែលគ្មានឃើញយន្តហោះ Drone ទៀតនោះ រយៈពេល៣០នាទី អាកាសយានដ្ឋាន Dublin ចាប់ផ្តើមប្រតិបត្តិការហោះហើរភ្លាមៗ នៅរសៀលថ្ងៃដដែលនេះ ។
ប្រភពបញ្ជាក់ថា ជើងហោះហើរត្រឡប់មកកាន់អាកាសយានដ្ឋាន Dublin ចំនួន៣ជើងត្រូវបង្វែរទិស ទៅរកគោលដៅចុះចតនៅអាកាសយានដ្ឋានផ្សេង អំឡុងពេលដែល Dublin Airport កំពុងតែបិទនេះ, រីឯអ្នកដំណើរ ដែលត្រូវធ្វើដំណើរចាកចេញពី Dublin Airport អាចសម្រាកពន្យារពេលមួយថ្ងៃ ។ «សុវត្ថិភាព សន្តិសុខ អតិថិជន ជាអាទិភាពសំខាន់គ្រប់ពេលវេលាទាំងអស់របស់យើងខ្ញុំ» ។
យន្តហោះ Drone បង្កឲ្យមានក្តីបារម្ភ គំរាមកំហែងដល់អាកាសចរណ៍ទាំងឡាយ ។ អ្នកដំណើរជាង១០០,០០០នាក់ ជាប់គាំង ពុំនោះ ពន្យារពេល ក្រោយ Drone នេះ ហោះក្រវែលជិតអកាសយានដ្ឋាន Gatwich ទីក្រុងឡុង ប្រទេសអង់គ្លេស ដែលជាអាកាសយានដ្ឋានច្រកសេដ្ឋកិច្ចអន្តរជាតិធំលំដាប់ទី២ ។ គ្មានជនណាម្នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធបញ្ហានេះទេ បើទោះបីអាកាសយានដ្ឋានប្រកាសបិទរយៈពេល៣ថ្ងៃក៏ដោយ នាពេលអំឡុងចុងឆ្នាំ២០១៨នោះ ៕