ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្តរក្សាទាហាន២០០នាក់ នៅស៊ីរី ក្រោយការដកចេញ

ចែករំលែក៖

អាមេរិកបានប្រកាសថា នឹងរក្សាកម្លាំងទាហានប្រមាណ​២០០នាក់ សម្រាប់រក្សាសន្តិភាពនៅក្នុងប្រទេសស៊ីរី ក្រោយពេលដែលអាមេរិកដកទាហានចេញពីស៊ីរី​​។

អ្នកនាំពាក្យសេតវិមាន លោកស្រី​ Sarah Sansders ​បានប្រកាសឲ្យដឹងថា កម្លាំងទាហានមួយក្រុម នឹងបន្តរក្សាសន្តិភាពនៅក្នុងប្រទេសស៊ីរី ។ ការសម្រេចខាងលើ​ត្រូវបានធ្វើឡើង ក្រោយពេលដែល ប្រធានាធិបតីដូណាល់ ត្រាំ​ជួបពិភាក្សាជាមួយ​ប្រធានាធិបតីទួគី លោក​ Tayyip Erdogan ។

អាមេរិកបានឡើងគម្រោង ដកទាហាន​​២ពាន់នាក់​ចេញពីស៊ីរី ចាប់ពីពេលនេះ ដល់ថ្ងៃទី​៣០ខែមេសា ។ ការបញ្ជូនត្រឡប់មកវិញ តាមអ្វីដែលប្រធានាធិបតី ដូណាល់ ត្រាំ ដាក់ផែនការ។ ជុំវិញដកកងទ័ពពីស៊ីរីនេះ មានការចម្រូងចម្រាស់ផងដេរនៅក្នុងរង្វង់គណបក្សសាធារណរដ្ឋ ។

បើយើងចាំមិនភ្លេចទេ កាលពីខែធ្នូ ឆ្នាំ២០១៨ លោក ត្រាំ បានចេញប្រកាសក្តែងៗថា មានជ័យជំនះទាំងស្រុងទៅលើក្រុមរដ្ឋអិស្លាមនៅក្នុងទឹកដីស៊ីរី ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ពួកឧទ្ទាម ជីហាដ (Jihadist)រាប់ពាន់នាក់ កំពុងតែស្ថិតនៅ និងបន្តប្រយុទ្ធតស៊ូដើម្បីគ្រប់គ្រងទីតាំងចុងក្រោយរបស់ពួកគេដដែល ។

ការព្រមានបន្តបន្ទាប់ថា នៅពេលអាមេរិកដកទាហានចេញអស់ពីស៊ីរីនោះ ក្រុមសម្ព័ន្ធរបស់អាមេរិកដូចជា កងកម្លាំងជនជាតិ ឃឺដ (Kurdish) ជាដើមនឹងទទួលរងការវាយប្រហារពីកម្លាំងទាហានប្រទេសទួរគី និងពីពួកឧទ្ទាមរដ្ឋអិស្លាម IS ៕


ចែករំលែក៖