រយៈពេលជាងមួយសប្តាហ៍កន្លងមក ស្ថានភាពនៅព្រំដែនឥណ្ឌា និងប៉ាគីស្ថាន ប្រឈមមុខតានតឹងដាក់គ្នា យ៉ាងខ្លាំង ដោយកម្លាំងទាហានប្រទេសទាំងពីរបានប៉ះទង្គិចគ្នាជាច្រើនលើក រហូតដល់ បាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌា២គ្រឿង ប៉ាគីស្ថាន២គ្រឿង ក្នុងនោះមានយន្តហោះយកការណ៍មួយគ្រឿងផងដែរ។
ទាំងប៉ាគីស្ថាននិងឥណ្ឌា បាន បញ្ជូនកម្លាំងទាហាន ជាច្រើន រួមទាំងសព្វាវុធទំនើបៗ ទៅកាន់ព្រំដែន ។ នៅពេលនេះដែរ នាវាមុជទឹកឥណ្ឌាមួយគ្រឿងមានបំណងចូលទៅកាន់ដែនសមុទ្រប៉ាគីស្ថាន ក៏ត្រូវទាហានជើងទឹកប៉ាគីស្ថាន មករារាំង។
កម្លាំងទាហានជើងទឹកប៉ាគីស្ថាន កាលពីថ្ងៃទី៥ ខែមីនា បានប្រកាសថា បានរារាំងនាវាមុជទឹកឥណ្ឌាមួយគ្រឿង ដែលបានព្យាយាម ចូលមកដែនសមុទ្ររបស់ប៉ាគីស្ថាន ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងនៅព្រំដែនកាស្មៀរ។
កម្លាំងទាហានជើងទឹកប៉ាគីស្ថានបានផ្សព្វផ្សាយរូបភាពស្តីពីនាវាមុជទឹកឥណ្ឌា ដែលត្រូវទាហានប៉ាគីស្ថាន រារាំង នៅវេលាម៉ោង២០និង៣៥នាទី ។ កម្លាំងទាហានប៉ាគីស្ថានបានប្រើប្រាស់ បច្ចេកទេស ក្នុងការរារាំងបញ្ចៀសការប៉ះទង្គិចគ្នា ។
កាលពីឆ្នាំ២០១៦ កម្លាំងទាហានប៉ាគីស្ថានក៏បានទប់ស្កាត់នាវាមុជទឹកឥណ្ឌា១គ្រឿងចូលទៅក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ នៅពេលនេះឥណ្ឌាមិនទាន់មានការវិភាគអ្វីជុំវិញ ហេតុការណ៍ខាងលើនៅឡើយទេ ។
ឥណ្ឌានិងប៉ាគីស្ថាន បានប្រឈមមុខតានតឹងដាក់គ្នាយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែនកាស្មៀរ រហូតដល់ប៉ះទង្គិចគ្នាដោយអាវុធ ក្រោយពេល ឥណ្ឌាបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងក្រុមភេរវកម្ម នៅក្នុងទឹកដីប៉ាគីស្ថាន ក្រោយពេលក្រុមភេរវកម្ម វាយប្រហារសម្លាប់ទាហានឥណ្ឌា៤០នាក់ ៕ ធីរីណា