ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលា​៥១នាក់ប៊ិះត្រូវដុតទាំងរស់ នៅលើរថយន្តក្រុង

ចែករំលែក៖

កម្លាំងប៉ូលិស បានលួចបំបែក កញ្ជក់ខាងក្រោយរថយន្ត ក្រុង បញ្ជូនសិស្សចេញពីរថយន្តទាន់ពេលវេលា និងសុវត្ថិភាព មុនពេលជនចាប់ជំរិតចាក់សាំងដុត រថយន្ត ។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុង ប្រទេសអ៊ីតាលី ។

អ្នកបើកបររថយន្ត​ក្រុង នៅភាគខាងជើងអ៊ីតាលី​បានចាប់សិស្ស សាលា​៥១នាក់ធ្វើដំណើរនៅលើរថយន្តក្រុង គំរាមចាក់សាំងដុតសម្លាប់ ។ ជននេះ ត្រូវប៉ូលិសបង្ហើបថា ជាពលរដ្ឋអ៊ីតាលី មកពីតំបន់ Senegalese អាយុ៤៧ឆ្នាំ ។ ជននេះបាននិយាយថា រូបគេមានបំណងរកយុត្តិធម៌ ដល់ជនអន្តោប្រវេសន៍ រងគ្រោះនៅទ្វីបអឺរ៉ុប ដែលបានស្លាប់នៅសមុទ្រមេឌីទែរ៉ាណេតែប៉ុណ្ណោះ ហើយរូបគេមិនមានបំណងធ្វើបាបនរណាម្នាក់នោះឡើយ ។

រដ្ឋអាជ្ញាអ៊ីតាលីបញ្ជាក់ថា ជនសង្ស័យឈ្មោះ Ousseynou Sy បានរៀបផែនការទុកជាមុន ក្នុងនោះ មានការទិញប្រេងសាំងរក្សាទុក និងឧបករណ៍ផ្សេងដទៃទៀតផងដែរ ។

ជននេះត្រូវចោទប្រកាន់ពីបទសង្ស័យចាប់ពង្រាត់, ចេតនាសម្លាប់រង្គាល, ការដុតឲ្យឆេះ និងការប្រឆាំងជាមួយកងកម្លាំងអនុវត្តច្បាប់ ។ រដ្ឋអាជ្ញារកមិនឃើញថា ជននេះមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមរដ្ឋអិស្លាមនោះទេ ។ រូបគេធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ។ មុនធ្វើសកម្មភាពជននេះបានផ្ញើសារទៅកាន់មិត្តភក្តិរបស់ខ្លួន ។

សូមបញ្ជាក់ថា សិស្សសាលាទាំង៥១នាក់ដែលត្រូវចាប់ពង្រាត់នេះ ពុំមាននរណាមួយរងរបួសធ្ងន់ធ្ងរឡើយ ។ ប៉ូលិសពិសេសបានប្រតិបត្តិការវាយបំបែកកញ្ចក់រថយន្តពីខាងក្រោយ ចូលរំដោះសិស្សសាលាប្រកបដោយសុវត្ថិភាព និងចាប់ខ្លួនជនចាប់ជំរិត ដែលដុតរថយន្តនេះតែម្តង នាំទៅដាក់ទោសតាមច្បាប់ ៕


ចែករំលែក៖