ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល២ថ្ងៃ នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីលួចម៉ូតូ និងជាមុខសញ្ញាលួចរថយន្ត កាលពី១ឆ្នាំមុន និងទទួលផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងនោះ មានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងជាមុខសញ្ញាចោរធ្លាប់លួចរថយន្តកាលពី១ឆ្នាំមុន និងម្នាក់ទៀតពាក់ព័ន្ធទទួលផលចោរកម្ម ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ សេង ហុង ហៅហេង ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ; ជនសង្ស័យទី២.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ទាំង២នាក់មានផ្ទុកសារធាតុញៀន) ។ និងជនសង្ស័យ​ ទី៣.ឈ្មោះ ចាន់ នី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន រួមមាន ៖ ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល 1AD-0681, ស្លាកលេខម៉ូតូចំនួន២គ្រឿង ( បាត់ដំបង 1AE-5054, ភ្នំពេញ 1GB-6967 )ដុំសោម៉ូតូ១ កូនសោ និងទួឡឺវីស មួយចំនួន ។ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនវេលាម៉ោង១០ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AD-0681 ពីជនរងគ្រោះមានឈ្មោះ អង់ លីចិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ កាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវលំ ក្នុងក្រុម៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយព្យាយាមរត់គេចខ្លួន ។

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យទាំង២នាក់នេះយកមកសាកសួររួច ជនសង្ស័យឈ្មោះ សេង ហុង ហៅហេង បានសារភាព ទើបបែកធ្លាយករណីទិញម៉ូតូពីផលចផលចោរកម្មមួយផ្សេង​ ឈានដល់កាការឃាត់ខ្លួនជនសង្ស័យ​ ទី៣.ឈ្មោះ ចាន់ នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បានទិញពីឈ្មោះ ហេង លើកទី១ បានចំនួនមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៦ ក្នុងតម្លៃ៦០០ដុល្លារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ដោយឈ្មោះ ហេង បានយកមកលក់ឲ្យជនសង្ស័យឈ្មោះ ចាន់ នី នៅចំណុចមុខវត្តសំបួរមាសផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ពេលនោះជនសង្ស័យឈ្មោះ ចាន់ នី បានយកទៅលក់បន្តឲ្យបុរសម្នាក់ទៀតឈ្មោះ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ លក់បានក្នុងតម្លៃ៧២០ដុល្លារ ។

លុះលើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហេង បានឲ្យសង្ស័យឈ្មោះ ចាន់ នី មកទិញម៉ូតូ១គ្រឿងទៀត ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ហើយឈ្មោះ ចាន់ នី បានជិះរថយន្តតាក់ស៊ី មកដល់មុខវត្តសំបួរមាសនៅវេលាម៉ោង៣​និង៤៥នាទី ថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តែមិនទាន់បានទិញផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង (បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ចាន់ នី ពាក់ព័ន្ធនឹងករណីទិញម៉ូតូពីផលចោរកម្ម មិនពាក់ព័ន្ធនឹងករណីលួចម៉ូតូលួចរថយន្តនោះទេ ហើយក៏គ្មានផ្ទុកសារធាតុញៀនដែរ) ។

ក្រោយពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង ហុង ហៅហេង រួចមក ទើបនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង បានចុះមកសាកសួរជនសង្ស័យរូបនេះ ទើបជនសង្ស័យខាងលើ បានសារភាពថា រូបគេនិងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីមុន គឺធ្លាប់បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជាង ១ឆ្នាំ មុនយកទៅលក់ឲ្យគេនៅចំការកៅស៊ូខេត្តកំពង់ចាម ក្នុងតម្លៃ ៤០០០ដុល្លារ ។

ជនសង្ស័យទាំង៤នាក់ ដែលចូលរួមធ្វើសកម្មភាពលួចរថយន្តហាយឡែនឌ័រនេះ រួមមាន ទី១ឈ្មោះ ជា រ៉ូហេង ហៅទី ហៅហេង ហៅលីទី (ជាអ្នកឈរបិទគូទ) ,ទី២.​ឈ្មោះ លឹមទី ហៅអាតឹង (ចូលយករថយន្តបើកចេញ) , ទី៣ឈ្មោះ ហេង សារ៉ាវុធ ហៅអាវិត (ឈរបិទគូទ) និងទី៤ឈ្មោះ ហេង សារ៉ាវ័ន្ត ហៅអាទូច (បើករថយន្តហាយឡែនឌ័រ ដឹកទៅធ្វើសកម្មភាព) ។

រថយន្តដែលលួចបាននោះ ជនសង្ស័យទាំងនេះ បានយកទៅលក់នៅឯខេត្តក្រចេះ ចំណុចចំការកៅស៊ូ ក្នុងតម្លៃ៤០០០ដុល្លារ ដោយជនសង្ស័យហៅអាហេង ជិះទៅជាមួយអាទូច (ជិះក្នុងរថយន្តរបស់ជនសង្ស័យឈ្មោះអាទូច ) ចំណែកឈ្មោះ អាតឹង ជិះជាមួយ អាវិត (ជិះក្នុងរថយន្តដែលលួចបាន) ។ ពេលលក់បានហើយនោះ ជនសង្ស័យបានចែកអោយជនសង្ស័យឈ្មោះ អាហេង៥០០ដុល្លារ , អាវិត៥០០ដុល្លារ , អាតឹង ១០០០ដុល្លារ, អាទូច១០០០ដុល្លារ និង អាស្នា ៥០០ដុល្លារ យកទៅឲ្យនៅផ្សារឈូកមាស ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ដែលជាបក្ខពួកក្រុមចោរលួចរថយន្តកាលពី១ឆ្នាំមុន និងអ្នកទិញម៉ូតូពីផលចោរកម្ម ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការសាកសួរ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕​ ស រស្មី


ចែករំលែក៖