ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកពិនិត្យសង្ស័យ មានជំងឺប្រចាំកាយ ។ ហេតុការណ៍ នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៧ និង០០នាទី នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ វៀន សុភ័ណ្ឌ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ្នកធ្វើអនាម័យ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាងលើ មានមនុស្សស្រីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ច និងដោយមានការសហការជាមួយការិយាល័យកោសល្យវិច័យវិទ្យាសាស្ត្រ និងតាមការពិនិត្យសន្និដ្ឋាន របស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពខាងលើ ស្លាប់ដោយជំងឺគាំងបេះដូង និងជំងឺរ៉ាំរ៉ៃ ។
បច្ចុប្បន្ន សពខាងលើត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី ៕ តុង សីហា