ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ក្នុងនោះនារីមានចំនួន ៦៤០នាក់ ដែលពិធីនេះនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និង ២០១៧-២០១៨។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៣៥នាក់ផងដែរ ក្នុងនោះមាននារី ១៤នាក់ មានជនពិការ ៤នាក់ និងមាននិស្សិតបរទេសចំនួន ៤នាក់ផងដែរ ដោយមាននិស្សិតឡាវ ២នាក់ និងកូរ៉េ ២នាក់។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយរីករាយក្រៃលែង ដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ កោតសរសើរ និងអបអរសារដល់និស្សិតជ័យលាភីទាំងអស់ និងថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលដែលបានផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរផងដែរចំពោះថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សអោយទទួលបានជោគជ័យជាបន្តបន្ទាប់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយពីយើងបានងើបពីសង្រ្គាមមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ក្នុងរយៈពេល ៤០កន្លងមកនេះ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលពីមុនកម្ពុជាត្រូវបានគេឃុំព័ទ្ធដោយសេដ្ឋកិច្ច តែយើងបានរើបម្រាស់រហូតសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ។ តាមរយៈវិស័យអប់យើងបានចាប់ផ្តើមតាំងពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និង អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ រហូតដល់ពេលនេះយើងមានគ្រូបង្រៀន និងអ្នកជំនាញច្បាស់លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់យើង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួនដែលបានផ្តល់អាហារូបករណ៍មកដល់សម្តេច ដើម្បីផ្តល់ទៅអោយនិស្សិតក្រីក្របានបន្តការសិក្សារបស់ខ្លួននៅថ្នាក់មហាវិទ្យាល័យ។ ហើយកន្លងមកនេះក្រៅពីការផ្តល់ជូននូវអាហារូបករណ៍នោះ សម្តេចតេជោ ក៏បានជួយជាអង្ករ២តោន និងថវិកា ៥លានរៀនក្នុង១ខែផងដែរ ដល់សាកលវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួនទៀតដើម្បីជួយទ្រទ្រង់ដល់ជីវភាពនិស្សិតក្រីក្រ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងបរិយាកាសស្និតស្នាល និងរីករាយក្រៃលែង៕