ព័ត៌មានទាន់ហេតុការណ៍៖

តុលាការចោទប្រកាន់ យិន ឃុនម៉ី ហៅ ម៉ាណា តែមួយបទល្មើសប៉ុណ្ណោះ បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនឬមិនឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត ! នារីឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវការហើយ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ តែមួយបទល្មើសប៉ុណ្ណោះ គឺ បើកបរធ្វេសប្រហែសបណ្ដាលឱ្យស្លាប់អ្នកដទៃ ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram ថា “ក្រោយពីពិនិត្យសំណុំរឿងនិងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័បណ្តាលអោយស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ចរាចរណ៌ផ្លូវគោក ហើយបានបញ្ជូនបុគ្គលនេះនិងសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត”។

សូមបញ្ជាក់ថា លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជាម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យបណ្ដឹងផ្លូវការចូលលោកវរសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្តឹងជនបង្ក យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយទាមទារសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យចាត់ការតឹងរ៉ឹងបំផុតតាមផ្លូវច្បាប់ចំពោះជនបង្ករូបនេះ ។

នារី យិន ឃុនម៉ី ហៅ ម៉ាណា បានបើករថយន្តទំនើប RANGE ROVER ផ្លាកលេខ2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័ម ។

ជុំវិញបញ្ហានេះ មហាជនបានថ្កោលទោសយ៉ាងខ្លាំងក្លា រហូតជនបង្កចូលខ្លួនសារភាពដោយខ្លួនឯង ។

នៅដំណាក់កាលចៅក្រមស៊ើបសួរ នេះ នឹងសម្រេចថា ឃុំខ្លួនឬមិនឃុំខ្លួន នារី យិន ឃុនម៉ី ហៅ ម៉ាណា ។ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំលទ្ធផលចុងក្រោយនេះ ៕ ចេស្តា


ចែករំលែក៖