ព័ត៌មានទាន់ហេតុការណ៍៖

សន្តិភាពឧបទ្វីបកូរ៉េ ជាក្តីប្រាថ្នា របស់ពលរដ្ឋ កូរ៉េខាងត្បូង និងខាងជើង

ចែករំលែក៖

ការប្រឈមមុខតានតឹង ជាមួយកូរ៉េខាងជើង មិនមែនជាគោលបំណងរបស់ពលរដ្ឋកូរ៉េខាងត្បូង នោះឡើយ ។ ពលរដ្ឋកូរ៉េខាងត្បូង ចង់ឲ្យមានទំនាក់ទំនងល្អ នឹងគ្នា ក្នុងនាមជាប្រទេសដែល មានអក្សរ ភាសា វប្បធម៌ ទំនៀបទំលាប់ប្រពៃណី ដូចគ្នា ។ ប៉ុន្តែដោយសារតែសង្គ្រាមបានធ្វើឲ្យកូរ៉េទាំងពីរត្រូវបែកបាក់គ្នា ។

តាមលទ្ធផលស្ទង់មតិ ទៅលើពលរដ្ឋកូរ៉េខាងត្បូង បង្ហាញឲ្យឃើញថា មានពលរដ្ឋដល់ទៅ ៦២,៦ភាគរយ ជឿជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង នឹងឈានដល់កិច្ចព្រមព្រៀង ស្តីពីការរំសាយអាវុធបរមាណូ និងលុបទណ្ឌកម្មទៅលើទីក្រុងព្យុងយ៉ាង ។ ជាមួយគ្នានោះដែរ ពលរដ្ឋ ៣៣,៧ភាគរយ យល់ឃើញថា នៅមានចំណុចវិវាទជាច្រើនទៀត មិនទាន់អាចដោះស្រាយបាន។

ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញពីក្តីសង្ឃឹមថា កូរ៉េខាងជើង គួរតែទទួលបានការលើកលែងទណ្ឌកម្ម ពីអាមេរិក ដើម្បីឲ្យកូរ៉េខាងជើងមានទំនុកចិត្តក្នុងការបោះបង់អាវុធបរមាណូ ។

តាមរយៈកិច្ចប្រជុំនាពេលកន្លងមក មេដឹកនាំកូរ៉េខាងជើង ពិតជាមានបំណងបោះបង់អាវុធបរមាណូដោយពិតប្រាកដ ។

ជាមួយគ្នានោះ ពលរដ្ឋកូរ៉េខាងត្បូង ក៏បានគាំទ្រប្រធានាធិបតី ម៉ូន ជេអ៊ីន ក្នុងការខិតខំជំរុញ ឲ្យមានកិច្ចពិភាក្សា រវាង ប្រធានាធិបតីអាមេរិក នឹងកូរ៉េខាងជើង ក៏ដូចជាធ្វើឲ្យប្រសើរឡើងវិញ ទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ។

នៅពេលដ៏ខ្លីខាងមុខ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ជាការឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតី ម៉ូន ជេអ៊ីន ពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នាពេលកន្លងមក ។

នៅពេលនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន បានត្រៀមលក្ខណៈ បំពេញទស្សនកិច្ចទៅកាន់អាមេរិក ដើម្បីពិភាក្សាជាមួយប្រធានាធិបតីដូណាល់ ត្រាំ ស្តីពីបញ្ហាឧបទ្វីបកូរ៉េ ។

សារព័ត៌មានកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានផ្សាយថា ប្រធានាធិបតី Moon Jae-in នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបប្រជុំកំពូលជាមួយសមភាគីសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ។

ប្រភពបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបកំពូលរវាងមេដឹកនាំទាំងពីរ គឺដើម្បីពង្រឹង ក៏ដូចបញ្ជាក់អំពីគោលចំហរ ក្នុងនាមសម្ព័ន្ធមិត្តជាមួយគ្នា ទៅលើបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន គឺក្រោយពីកិច្ចប្រជុំកំពូលនុយក្លេអ៊ែរ អាមេរិក កូរ៉េខាងជើង ជាលើកទី២នៅទីក្រុងហាណូយបរាជ័យ ។

កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ គេបានចំណាយលុយរាប់សិបលានដុល្លារ ដើម្បីលោកដូណាល់ ត្រាំ បានជួបប្រជុំកំពូលទី២ ជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅឯប្រទេសវៀតណាម ប៉ុន្តែជាលទ្ធផល គឺមិនបានសម្រេចអ្វីទាំងអស់ ហើយបញ្ចប់ទៅវិញឆាប់រហ័សមុនការគ្រោងទុក ក៏ដោយសារតែពួកគេមានខ្វែងគំនិត មិនចុះសម្រុងគ្នា ។

កូរ៉េខាងជើងបានទាមទារអាមេរិក ដោយផ្នែកណាមួយនោះ លុបចោលទណ្ឌកម្មសេដ្ឋកិច្ចមកលើទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយអាវុធបរមាណូ នៅឧបទ្វីបកូរ៉េ ។ ប៉ុន្តែលោកដូណាល់ ត្រាំ មិនព្រម ហើយក៏បានដើរចេញពីកិច្ចប្រជុំនោះតែម្តង ៕

 


ចែករំលែក៖