ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឆ្លុះសត្វក្នុងព្រៃ មិនប្រយ័ត្ន រាលកៃនឹងកាំភ្លើងកែច្នៃ ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកស្វាយលើ នៅល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៩ បានរាយការណ៍មកថា មានបុរសម្នាក់ដើរឆ្លុះសត្វក្នុងព្រៃ មិនប្រយ័ត្ន រាលកៃកាំភ្លើងឆ្នុក កែច្នៃបណ្តាលត្រូវខ្លួនឯងស្លាប់នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចព្រៃល្ហៀក ស្ថិតក្នុងភូមិ សែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែមេសាថា មានករណីរាលកៃអាវុធ កែច្នៃដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ (កាំភ្លើងឆ្នុក) លើជនរងគ្រោះឈ្មោះម៉ៅ សាត ហៅមី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ កើតហេតុ ខាងលើ ។

លោកបន្តថា តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ព្រំ ម៉ៅ អាយុ៤៩ឆ្នាំ និងម្ដាយឈ្មោះ វ៉ាន់ លាត អាយុ៤៧ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានយកកាំភ្លើងឆ្នុក ចេញទៅឆ្លុះសត្វក្រោយផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែលឺសូរផ្ទុះចំនួន១គ្រាប់ ពេលនោះ ឪពុកម្តាយក៏រត់ទៅមើល ជនរងគ្រោះឃើញដួលផ្កាប់មុខនឹងដី កាំភ្លើងឆ្នុកនៅអែបខ្លួនខាងស្តាំ ហើយនៅលើខ្លួនជនរងគ្រោះមានរន្ធមុតបោះដៃផុតខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។

បន្ទាប់ពីសមត្ថកិច្ច ត្រួតពិនិត្យសពរួច ក៏បានប្រគល់សពជូនក្រុមគ្រួសារ ជនរងគ្រោះ យកទៅធ្វើបុណ្យនៅភូមិអូររំចេក ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖