ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ប៊ូអ៊ីង បាត់បង់ អតិថិជន ជាបន្តទៀត ដោយកំហុសរបស់យន្តហោះ737 Max

ចែករំលែក៖

អតិថិជនធំទីពីរ របស់ក្រុមហ៊ុន ប៊ូអ៊ីង បានងាកទៅទិញយន្តហោះដឹកអ្នកដំណើររាប់សិបគ្រឿង ពីក្រុមហ៊ុន Airbus វិញ ដោយសារតែយន្តហោះដឹកអ្នកដំណើរ 737Max របស់ក្រុមហ៊ុនប៊ូអ៊ីង ជួបវិបញ្ហា បណ្តាលឲ្យគ្រោះថ្នាក់ផ្ទួនៗគ្នាសម្លាប់មនុស្សជាច្រើន ។

ក្រុមហ៊ុន FlyDubai របស់អារ៉ាបរួម (UAE) កំពុងតែត្រួតពិនិត្យ ទិញយន្តហោះ Airbus A320 ដើម្បីជំនួសយន្តហោះរបស់ប៊ូអ៊ីង 737 Max វិញ ។ ក្រុមហ៊ុនខាងលើអាចនឹងទិញយន្តហោះដល់ទៅ២៥០គ្រឿង របស់ក្រុមហ៊ុន Airbus ។

ក្រុមហ៊ុន FlyDubai បានបង្ខំចិត្តឲ្យផ្អាកហោះហើរនៅប្រភេទយន្តហោះ 737 Max ទាំងអស់ មាន ១៤គ្រឿង ក្រោយគ្រោះថ្នាក់ សម្លាប់មនុស្សជាច្រើន នៅប្រទេស អេធ្យូពី និងប្រទេសឥណ្ឌូនេស៊ី ។

ប៉ុន្តែពេលថ្មីៗនេះ ក្រោយពេល ក្រុមហ៊ុន បានផ្លាស់ប្តូរផ្នែកទន់ របស់យន្តហោះឡើយវិញនោះ យន្តហោះប្រភេទ ៧៣៧ អាចនឹងបន្តហោះហើរជាថ្មីឡើងវិញ ។ ក្រុមហ៊ុនយក្សផលិតយន្តហោះ ដែលស្ថិតក្រោមការពិនិត្យពិច័យ ក្រោយពីមានករណីធ្លាក់យន្តហោះ ដែលបានសម្លាប់អ្នកដំណើរ និងបុគ្គលិកលើយន្តហោះចំនួន៣៤៦នាក់ និងបានផ្អាកដំណើរការយន្តហោះប្រភេទ MAX ទូទាំងពិភពលោកមកនោះ បានយកឈ្នះការបោះឆ្នោតទំនុកចិត្តពីក្រុមវិនិយោគិន ហើយស្របពេលជាមួយគ្នានោះ ថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន ត្រូវប្រឈមមុខនឹងការឆ្លើយសំណួរដ៏តឹងតែងជុំវិញការ ឌីហ្សាញ យន្តហោះ និងកំហុសទាំងឡាយ ដែលអាចកើតមានពេលនាំយកយន្តហោះប្រភេទនេះ ចូលទៅកាន់ទីផ្សារ ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា Boeing រំពឹងថារដ្ឋបាលសហព័ន្ធអាកាសចរណ៍ FAA នឹងហោះហើរសាកល្បងលើកម្មវិធីជួសជុល ដែលក្រុមហ៊ុនបានបង្កើតឡើងសម្រាប់ប្រព័ន្ធហោះហើរលើយន្តហោះ 737 MAX នៅចុងសប្ដាហ៍ក្រោយនេះ ។

នាយកប្រតិបត្តិលោក Dennis Muilenburgត្រូវបានគេចោទជាសំណួរនៅក្នុងសន្និសីទកាសែតថាតើលោកនឹងពិចារណាលាឈប់ពីតំណែងដែរឬយ៉ាងណា ។ លោកក៏បានឆ្លើយតបថា “យើងផ្ដោតទៅលើបញ្ហាសុវត្ថិភាពជាចម្បងហើយខ្ញុំអាចប្រាប់អ្នកថាគ្រោះថ្នាក់ទាំងនេះមានទម្ងន់ធ្ងន់ខ្លាំងណាស់ចំពោះយើងជាក្រុមហ៊ុន ។ ចេតនាដ៏ច្បាស់លាស់របស់ខ្ញុំគឺបន្តនាំមុខគេ ផ្នែកសុវត្ថិភាពគុណភាព និងសុចរិតភាព ” ។

បើតាមក្រុមហ៊ុនផលិតយន្តហោះមួយនេះបានរាយការណ៍កាលពីសប្ដាហ៍កន្លងទៅថា វិបត្តិមួយនេះ បានបន្ថែមបន្ទុកប្រហែល១ពាន់លានដុល្លារសម្រាប់ការចំណាយនៅត្រីមាសទីមួយនេះ ៕


ចែករំលែក៖