ភ្នំពេញ៖ ប្រជពលរដ្ឋរស់នៅក្នុងខណ្ឌ៧មករា បាននាំគ្នារិះគន់ថា លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ទំនងជាងាប់ត្រគាកហើយ ទើបគ្មានការបង្ក្រាបទីតាំងអ៊ីនធឺណេតយីហោ i-NET ២៤ម៉ោង ដែលបង្កប់ល្បែងស៊ីសងភ្នាល់បាល់ តាមប្រព័ន្ធអនឡាញ ដែលកំពុងតែបើកពង្វក់យុវសិស្សឲ្យភ្លេចការសិក្សា រហូតពេលខ្លះក៏ចាញ់លុយអស់ បែជាបែកគំនិតមានអំពើ ឆក់ លួច ប្លន់ បង្កឲ្យមានភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវផងដែរ ។ ដោយកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាប ទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។ បើទោះបីជាលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជារឲ្យអាជ្ញាធរ ខណ្ឌទាំង១២ លុបបំបាត់ល្បែងស៊ីសងឲ្យអស់ ដើម្បីថែរក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ល្បែងស៊ីសង នៅតែលួចលាក់បើកភ្នាល់គ្នាដោយមានការ ត្រូវរ៉ូវជាមួយសមត្ថកិច្ចមូលដ្ឋានរហូតដល់ចៅហ្វាយខណ្ឌក៏មាន ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះទីតាំងអ៊ីនធឺណេតជាច្រើនកន្លែងកំពុងបើកលេងយ៉ាងរលូន ជាពិសេសគឺអ៊ីនធឺណេត យីហោ i-NET ២៤ម៉ោង បង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញ ស្ថិតនៅទីតាំងផ្ទះលេខ៤៧Eoយីហោ i-NET និងមួយទៀតស្ថិតនៅផ្ទះលេខ៥១Eoយីហោ RSInternet តាមបណ្តោយផ្លូវ១៣៤ និងពីរទីតាំងទៀតស្ថិតផ្ទះលេខ៤៦Eo គ្មានយីហោ និងមួយទៀតផ្ទះគ្មានលេខយីហោ i -NET តាមបណ្តោយផ្លូវ១០៩ ក្នុងខណ្ឌ៧មករា ។
បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមួយចំនួនដែលបំរើការងារក្នុងខណ្ឌ៧មករា បានឡើងលើកឡើងថារាល់ទីតាំងអុីនធឺណេតទាំងអស់គឺត្រូវឆ្លងកាត់សាលាខណ្ឌ ទើបអាចដំណើរការបានតែហេតុអ្វីបានសាលាខណ្ឌមិនដឹងហើយដល់ពេលមានបញ្ហាបើជាទំលាក់កំហុសទាំងនោះមកលើខាងប៉ូលិសទៅវិញ ក្នុងខ្លួនជាប្រធានគណៈបញ្ជាការឯងភាព ។
ប្រភពព័ត៌មានពីមន្ត្រីតូចតាចបម្រើការនៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានលួចបង្ហើបថា ម្ចាស់ទីតាំងណេតយីហោ២៤ម៉ោង ភាគច្រើន បើកដំណើរការយ៉ាងរលូនបែបនេះដោយសារ មានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ចៅហ្វាយខណ្ឌ ទើបទីតាំងនេះហ៊ានបើកលេងទាំងយប់ថ្ងៃមិនខ្លាចសមត្ថកិច្ចណាចុះបង្ក្រាបនោះទេ ។ ជាពិសេសមិនខ្លាចលោក លីម សុភា បន្តិចឡើយដោយមិនដឹងថាម្ចាស់ទីតាំងនោះមានខ្សែស្រឡាយ ឬ ក៏ខ្នងបង្អែកធំយ៉ាងណាទើបមិនហ៊ានបែបនេះ ។ បច្ចុប្បន្នប្រជាពលរដ្ឋទន្ទឹងចាំមើលតើលោកលីម សុភាអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា មានសមត្ថភាពបង្ក្រាបទីតាំងទាំង៤ទីតាំងខាងលើនេះដែលរឺ ?
ដោយឡែក លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ភ្នាក់ងារកាសែតនគរវត្តបានទូរស័ព្ទទំនាក់ទំនងលោក ដើម្បីសាកសួរករណីខាងលើនេះដែល តែទូរស័ព្ទមិនចូល ៕ស តារា