ខេត្តព្រះសីហនុ៖ ជនជាប់ចោទជាមេក្លោងក្នុងការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងខេត្តព្រះសីហនុចំនួនពីររូប ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ រកឃើញថាមានពិរុទ្ធភាពចំពោះបទចោទ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ១៨ ខែ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ នេះក្រោយពីដំណើរការសវនាការពេញមួយថ្ងៃ។ ជនជាប់ចោទទាំងពីររូបនោះ មានឈ្មោះ ឆាយ រដ្ឋ និងទេព សុផា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៩ ក្រោយពីបានប្រព្រឹត្តបទល្មើសរំលោភកាន់ កាប់ដីធ្លីរដ្ឋដោយខុសច្បាប់ និងញុះញង់ប្រជាពលរដ្ឋ រារាំងកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ ប្រព្រឹត្តនៅក្នុងនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ។
រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងស្វាគមន៍ចំពោះការសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុដោយបញ្ជាក់ថានេះគឺជាវិធានការជាក់ស្តែងចំពោះមេក្លោងដែល តែងតែប្រើប្រាស់ទ្រឹស្តីឈ្នះបានដី ចាញ់បានលុយ ក្នុងការរំលោភបំពានកាន់កាប់ដីព្រៃរដ្ឋ ឬដីដែលមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវ ដោយខុសច្បាប់។ លោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ពីវិធានការក្តៅមួយចំនួនចំពោះការ រុករានទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ៗនៅតំបន់ការពារធម្មជាតិ ក៏ដូចជានៅឧទ្យានជាតិនានាដោយបានថ្លែងថា៖ «ការរុករានទន្ទ្រានកាន់កាប់ដីរដ្ឋ ឬដីព្រៃរបស់រដ្ឋ ក៏ដូចជាទិញលក់ដីធ្លីនៅឧទ្យានជាតិ ឬតំបន់ការពារធម្មជាតិដែលជាតំបន់អភិរក្ស គឺជាទង្វើខុសច្បាប់ទាំងស្រុង។ ក្រសួងបរិស្ថានបានបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដោយខុសច្បាប់គ្រប់ប្រភេទដូចជាការទន្ទ្រានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ ហើយក្រសួងបរិស្ថានបាននិងកំពុងពិនិត្យនីតិវិធីច្បាប់ប្រឆាំងមេក្លោងនានា ដែលបង្កការញុះញង់ទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ទៅកាន់តុលាការ និងដកហូតយកដីទាំងនោះមកធ្វើជាសម្បត្តិ រដ្ឋវិញ»។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានលើកឡើងថា មានបុគ្គលមួយចំនួនបានយក ឯកសារពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីដែលរាជរដ្ឋាភិបាលបានប្រកាសជាមោឃៈរួចហើយមកធ្វើជា លេសដើម្បីធ្វើសកម្មភាពឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីរដ្ឋ និងដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងនៅលើទីតាំងដីស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ដែលរាជរដ្ឋាភិបាលផ្តល់អនុញ្ញាតជាគោល ការណ៍។ ចំពោះមុខនៃបញ្ហានេះ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចុះវិធានការច្បាប់ ក៏ដូចជាសេចក្តីណែនាំផ្សេងៗដោយតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ជាអាទិ៍ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រានដីព្រៃ ការសាងសង់ខ្ទម រោង ការដាំដុះដំណាំ និងការអាស្រ័យ ផលលើដីរបស់រដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញលក់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។
ទន្ទឹមនឹងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ សូមកុំចាញ់បោកមេខ្យល់ខិលខូច និងសូមកុំចូលរួមក្នុងសកម្មភាពរំលោភបំពានច្បាប់ដែលនាំឱ្យមានការ ប្រឈមចំពោះមុខច្បាប់ ព្រោះគ្មានជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូរបានឡើយ។ លោករដ្ឋលេខាធិការបានរំឮកបងប្អូនប្រជាពលរដ្ឋថា មុននឹងទិញលក់ដី ត្រូវប្រយ័ត្នប្រយែងក្រែងប៉ះចំដីរដ្ឋ ឬដីដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលនាំឱ្យបងប្អូនបាត់បង់ផលប្រយោជន៍។ លោកបានគូសបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតែធ្វើការស៊ើបអង្កេតវែកមុខរកមេខ្យល់ទាំងអស់ និងចង់ចងសំណុំរឿងបញ្ជូនទៅតុលាការ ក៏ដូចជាការពិនិត្យនិងដកហូតមកវិញនូវដីរដ្ឋដែលទន្ទ្រានកាន់កាប់ ដោយខុសច្បាប់ពីក្រុមជនខិលខូច។ លោកបានលើកឡើងថា កន្លងទៅនេះ អាជ្ញាធររបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការច្បាប់ប្រឆាំងនឹងបទល្មើសនេះ នៃការរុករានទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ការពារ ហើយមេក្លោងមួយចំនួនដែលនៅពីក្រោយបទល្មើសនេះត្រូវបានចាប់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីជំនុំជម្រះក្តីតាមច្បាប់បណ្តើរៗហើយ៕
ដោយ៖ សហការិ