ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រងោកមួយភាំង បណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវគាប់ជាប់អ្នកបើកបរនៅក្នុងកាប៊ីនរថយន្ត រងរបួសធ្ងន់ កាលពីម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ផ្លូវថៃហ្គ័រ (ជិតដល់ស្ពានថ្មចុងព្រែក) ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តសណ្តោងកុងតឺន័រ ម៉ាកនីសាន់ ពណ៌ស ធ្វើដំណើរតាមផ្លូវថៃហ្គរ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើត អ្នកបើកងងុយដេក ងោកមួយភាំងបណ្ដាលរថយន្តរេចង្កូត ក្រឡាប់ធ្លាក់ផ្លូវ កៀបជាប់អ្នកបើកបរនៅក្នុងរថយន្ត បណ្តាលឲ្យរងរបួសជើងទាំងសងខាងធ្ងន់ ភ្លាមៗនោះដែរ គេបានឃើញបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរខណ្ឌច្បារអំពៅ ចុះទៅកន្លែងកើតហេតុ បានហៅរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ឲ្យជួយអូសទាញកាប៊ីនរថយន្ត ដើម្បីយកមនុស្សចេញ បន្ទាប់ពីជួយសង្គ្រោះអស់រយៈពេលជាងមួយម៉ោង ទើបអាចជួយយកជនរងគ្រោះចេញពីក្នុងកាប៊ីនរថយន្តបាន ហើយ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកមានជ័យបានមកដឹកយកទៅសង្គ្រោះផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរក្រុងភ្នំពេញ បានស្ទូចយករថន្តបង្កទៅរក្សាទុកនៅការរិយាល័យចរាចផ្លូវគោករាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ