ព័ត៌មានទាន់ហេតុការណ៍៖

លោកតាមា្នក់ត្រូវរន្ទះបាញ់ស្លាប់ខណៈទៅដឹកគោនៅវាលស្រែ និងផ្ទះពលរដ្ឋមួយខ្នងដួលរំលំក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំខ្យល់កន្រ្ដាក់

ចែករំលែក៖

ខេត្តកណ្ដាល៖ ខ្យល់កន្រ្ដាក់លាយឡំជាមួយផ្គររន្ទះ ធ្វើឲ្យលោកតាម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈទៅដឹកគោនៅឯវាលស្រែ និងផ្ទះរបស់ពលរដ្ឋមួយខ្នងត្រូវខ្យល់បក់ប៉ើងរបើកដំបូលដួលរលំ កាលពីវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅភូមិទឹកនឹម ឃុំកណ្ដោក និងភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា លោកតារងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ឈ្មោះ សឹម សើ អាយុ៧០ឆ្នាំ មានទីលំនៅភូមិបឹងក្អែក ឃុំព្រែករកា រីឯផ្ទះពលរដ្ឋដែលត្រូវខ្យល់បក់ដួលរំលំ សង់អំពីឈើប្រក់ស័ង្កសី ស្ថិតនៅក្នុងភូមិទឹកនឹម ឃុំកណ្ដោក ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ លោកតារងគ្រោះបានចេញពីផ្ទះរបស់ខ្លួនទៅដឹកគោនៅឯវាលស្រែ លុះមកដល់វេលាម៉ោងកើតហេតុ ស្រាប់តែមានភ្លៀងផ្គរលាយឡំជាមួយខ្យល់កន្រ្ដាក់ បណ្ដាលឲ្យលោកតារងគ្រោះខាងលើ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្របពេលជាមួយគ្នានោះដែរ ក៏មានផ្ទះពលរដ្ឋមួយខ្នង ត្រូវខ្យល់បក់ប៉ើងរបើកដំបូលដួលរំលំផងដែរខូចខាតធ្ងន់ធ្ងរផងដែរ ។

ក្រោយពីមានហេតុការណ៍កើតឡើង សាកសពលោកតារងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញស្រុក ចុះពិនិត្យ និងកោសល្យវិច្ច័យ រួចបញ្ជាក់ថា លោកតារងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញប្រគល់សាកសពទៅឲ្យក្រុមគ្រួសារលោកតារងគ្រោះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖