ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រាយការណ៍ និងស្នើសុំឲ្យមន្រ្ដីស្ថាប័នជំនាញពាក់ព័ន្ធ ពិសេស គណៈបញ្ជាការឯកភាពស្រុក.ខេត្តតែម្ដង មេតាចុះត្រួតពិនិត្យកន្លែងឈ្មួញស្តុកផលអនុផលព្រៃឈើរាប់ ១០០០ម៉ែត្រត្រីគុណយ៉ាងអនាធិបតយ្យ ។
ពួកគាត់រាយការណ៍បន្តថា កន្លែងឈ្មួញស្តុកផលអនុផលព្រៃឈើខាងលើ នៅពីខាងត្បូងផ្លូវជាតិលេខ៥៥ ក្នុងព្រៃខាងក្រោយភូមិប្រជាពលរដ្ឋ ត្រង់ចំណុចទួលគ្រួស ១កន្លែង និងតាំងយ៉ ២កន្លែង ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍បញ្ជាក់បន្ថែមកន្លែងឈ្មួញស្តុកផលអនុផលព្រៃឈើនេះ កើតមានឡើងជាយូខែឆ្នាំមកហើយ ដោយមានអ្នកចំណាកស្រុកមកពីខេត្តផ្សេងៗស្នាក់នៅទីនោះ ដើម្បីចូលព្រៃកាប់ឈើរួចពួកគាត់ដឹកជញ្ជូនដោយមធ្យោបាយគោយន្តក្រ្តៃស្តុកទុក ទើបមានថៅកែឈ្មោះ ចែស្រី មកវាស់គិតលុយឲ្យទើបឈ្មោះ ចែស្រី ដឹកជញ្ជូនបន្តតាមរយៈរថយន្តប្រភេទធំៗភ្លៅ៥ឬ៦ ចេញទៅរាជធានីភ្នំពេញ ប៉ុន្តែមួយរយៈចុងក្រោយនេះគេដូចជាស្ងប់ស្ងាត់បន្តិចដែរ ដោយបន្សល់នូវផលអនុផលព្រៃឈើទាំងចំនួន ៣កន្លែង ដូចបានរាបរបខាងលើរាប់ពាន់ម៉ែត្រត្រីគុណឯណុះ ដូច្នេះពួកគាត់ទទូចស្នើសុំឲ្យមន្រ្ដីស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពស្រុក.ខេត្តពោធិ៍សាត់តែម្ដង មេតាចុះត្រួតពិនិត្យកន្លែងទីតាំងនោះផង ៕ បុឹម ពិន