ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋប្រហារមិនបានសម្រេចកន្លងមក មនុស្ស ១៧នាក់ត្រូវបានដាក់ទោស នៅវេណេហ្ស៊ុយអេឡា

ចែករំលែក៖

រដ្ឋប្រហារទម្លាក់មេដឹកនាំវេណេហ្ស៊ុយអេឡាមិនបានសម្រេចនាពេលកន្លងមក បានធ្វើឲ្យរដ្ឋាភិបាល ពង្រឹងអំណាចដោយបានចាប់ខ្លួន មនុស្ស១៧នាក់ ហើយបានចោទប្រកាន់ពីបទប៉ុនប៉ងរដ្ឋប្រហារមួយ ដែលបានកើតឡើងតាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ប៉ុន្តែមិនបានសម្រេច ប្រឆាំងប្រធានាធិបតី នីកូឡាស់ ម៉ាឌូរូ ។

អគ្គមេធាវី នៃប្រទេសនេះ លោក តារែក វីល្លីយ៉ាម សាអាប (Tarek Williams Saab) បានថ្លែងថា មនុស្ស៣៤នាក់ បាន និងកំពុង ស្ថិតក្រោមការស៊ើបអង្កេត ក្នុងចំណោមនោះ១៧នាក់ ដែលត្រូវបានចោទប្រកាន់ទោស និងផ្ដន្ទាទោស ពីបទ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។

សមាជិកគណបក្សប្រឆាំង១៥នាក់ ក៏ត្រូវបានដកហូតអភ័យឯកសិទ្ធិសភា ដោយសារទង្វើរបស់ពួកគេគាំទ្រដល់ការប៉ុនប៉ងបះបោរ ដែលដឹកនាំដោយ លោកជួន កាយដូ (Juan Guaido) ប្រធានគណបក្សប្រឆាំងគ្រប់គ្រងរដ្ឋសភា នៃប្រទេសវេណេហ្ស៊ុយអេឡា។

លោក Edgar Zambrano អនុប្រធានរបស់លោក ជួន កាយដូ ជាមន្ត្រីគណបក្សប្រឆាំងម្នាក់ ដែលត្រូវចាប់ខ្លួន និងរងការចោទប្រកាន់ទោស ខណៈ១៤នាក់ផ្សេងទៀត កំពុងរត់ភៀសខ្លួនទៅកាន់ស្ថានទូតបរទេសនានា ដោយគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរមានសមត្ថកិច្ច នៃប្រទេសវេណេហ្ស៊ុយអេឡា។

ក្រុមយោធាប្រមាណ៣០នាក់ បានព័ទ្ធជុំវិញខ្លួនលោក ជួន កាយដូ នៅក្នុងវីដេអូមួយ ចែករំលែកតាមបណ្តាញសង្គម កាលពីថ្ងៃទី៣០ ខែមេសា ដោយបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវក្រោកឡើងបះបោរ ប្រឆាំងរបបដឹកនាំរបស់លោក ម៉ាឌូរូ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា។

ប៉ុន្តែក្រោយការប៉ះទង្គិចបង្ហូរឈាមពីរថ្ងៃ រវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ រួចមក ស្ថានភាពប៉ះបោរក៏បានថយចុះ ដោយសារកងកម្លាំងយោធារបស់របបគ្រប់គ្រងលោក ម៉ាឌូរូ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល ម៉ាឌូរូ បានចាប់ផ្តើមបង្ក្រាបទៅលើអ្នកប្រឆាំងទាំងឡាយ ក្រោមលេសថា ពាក់ព័ន្ធជាមួយអំពើបះបោរខុសច្បាប់។

រហូតមកដល់ពេលនេះ សកម្មភាពរបស់លោក ជួន កាយដូ ប្រឆាំងនឹងរដ្ឋាភិបាលហាក់មានសភាពស្ងប់ស្ងាត់បន្តិច។ លោក ជួន កាយដូ មេបក្សប្រឆាំងនេះប្រទេសនេះ បានប្រកាសខ្លួនឯងថា លោកជាប្រធានាធិបតីបណ្តោះអាសន្នរបស់វេណេហ្ស៊ុយអេឡា ហើយកាលពីខែមករា ឆ្នាំ២០១៩ លោកបានទាមទារឲ្យលោក ម៉ាឌូរូ ចុះចេញពីតំណែង។

ដោយឡែកសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនានា នៅជុំវិញពិភពលោក ប្រហែលជាង៥០ប្រទេសទៀត បានគាំទ្រលោក កាយដូ ថា ជាប្រធានាធិបតីបណ្តោះអាសន្ន។ លើសពីនេះទៅទៀត រដ្ឋាភិបាល នៃប្រទេសទាំងនោះបានព្រមានថា រដ្ឋាភិបាលទីក្រុងការ៉ាកាស អាចប្រឈមនឹងផលវិបាក បើសិនជាហ៊ានចាប់ខ្លួនលោក ជួន កាយដូ មេដឹកនាំបក្សប្រឆាំងដ៏ល្បី នៃប្រទេសវេណេហ្ស៊ុយឡា។

អគ្គមេធាវី Saab បានផ្តល់ដំណឹងបន្ថែម ពីការឃុំខ្លួនទាក់ទិននឹងបទចោទប្រកាន់ វាយប្រហារតាមយន្តហោះគ្មានមនុស្សបើក (ដ្រូន) នាអំឡុងពេលព្យុហយាត្រាយោធាមួយ កាលពីចុងខែសីហា ឆ្នាំ២០១៨ ខណៈលោក ម៉ាឌូរូ អះអាងថា នេះជាការប៉ុនប៉ងធ្វើឃាតមកលើរូបលោក។ លោក Saab បានបញ្ជាក់ថា ទាក់ទងនឹងករណីយន្តហោះ ដ្រូននេះ មនុស្ស៣៨នាក់ត្រូវបានចោទប្រកាន់។

ក្រុមសិទ្ធិមនុស្ស បាននិយាយថា អ្នកទោសនយោបាយជាង៩០០នាក់ កំពុងជាប់ឃុំឃាំង ទាក់ទងនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។ ស្របគ្នានេះដែរ អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួនថា ១ភាគ៤ នៃប្រជាជន៣០លាននាក់របស់ប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕


ចែករំលែក៖