ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើងធ្លាក់ចុះខ្លាំង តាំងពីជំនួបពិភាក្សា លើកទីពីរនៅវៀតណាមមិនទទួលបានជោគជ័យ ។ តាំងពីពេលនោះមក មេដឹកនាំកូរ៉េខាងជើង បានបង្កើនសមត្ថភាពយោធា និងសាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាបន្តបន្ទាប់ ។
ពេលថ្មីៗនេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកទទួលបានលិខិតវិជ្ជមាន ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ កន្លងមក ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា ជំនួបលើកទី៣ រវាង លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គឺរង់ចាំតែការសម្រេចពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ការប្រកាសរបស់លោកត្រាំ កាលពីថ្ងៃទី១១ ខែមិថុនា ដោយបានបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ទទួលបានលិខិតវិជ្ជមានពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន រួចហើយ បើទោះជាកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធបរមាណូជួបនូវបញ្ហាឧបសគ្គជាច្រើនក្ដី ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា «មេដឹកនាំកូរ៉េខាងជើង នៅតែរក្សានូវការសន្យាជាមួយខ្ញុំ ។ នេះជារឿងដ៏សំខាន់បំផុត សម្រាប់ខ្ញុំ» ។ ទោះជាយ៉ាងណា លោក ត្រាំ មិនបានបង្ហាញពីខ្លឹមសារ នៅក្នុងលិខិតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នោះឡើយ ។ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា អាមេរិក និងកូរ៉េខាងជើង អាចនឹងមានជំនួបលើកទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ ។
កន្លងមកថ្មីៗ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបញ្ជាក់ថា អាមេរិកបានត្រៀមលក្ខណៈសម្រាប់ជំនួបលើកទី៣រួចជាស្រេចហើយ ។ ជំនួបនោះ គឺអាស្រ័យទៅលើមេដឹកកំពូលរបស់កូរ៉េខាងជើង តែប៉ុណ្ណោះ ។ ការលើកឡើងរបស់អាមេរិក បានកើតឡើង ក្រោយពីថ្ងៃទី១១ ខែមិថុនា ខណៈកូរ៉េខាងជើងអំពាវនាវឲ្យអាមេរិក លុបចោលនូវគោលនយោបាយ ចងគំនុំ មកលើប្រទេសកូរ៉េខាងជើង ដោយងាកទៅរកកិច្ចពិភាក្សា ដើម្បីធ្វើឲ្យប្រសើរឡើង នៅក្នុងទំនាក់ទំនងប្រទេសទាំងពីរ៕