មន្ត្រីទីក្រុងម៉ុមមៃប្រទេសឥណ្ឌា បានប្រកាសឲ្យដឹងថា មានហេតុការណ៍បាក់រលំជញ្ជាំងថ្មមួយនៅថ្ងៃទី២ខែកក្កដា សម្លាប់មនុស្ស ១៣នាក់ ។ ហេតុការគ្រោះថ្នាក់ខាងលើបង្កឡើងដោយសារភ្លៀងធ្លាក់នៅក្នុង ទីក្រុងម៉ុមបៃ (Mumbai) ដែលនេះជាហេតុការណ៍ថ្មីមួយទៀត ក្រោយហេតុការណ៍ស្រដៀងគ្នានេះ បានកើតមានឡើងកាលពីចុងខែមិថុនា ។
យោងតាមអាជ្ញាធរឥណ្ឌា គ្រោះថ្នាក់ខាងលើបានកើតឡើងនៅក្នុងសង្កាត់ ភីមព្រីផាដា (Pimpripada) នៃតំបន់ម៉ាឡាដអ៊ីសត៍ (Malad East) ក្នុងទីក្រុង Mumbai ។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមនុស្ស ១៥នាក់ក៏បានស្លាប់នៅក្នុងហេតុការណ៍ស្រដៀងគ្នានេះ ដោយជម្រកបណ្តោះអាសន្នរបស់កម្មករ ត្រូវបានជញ្ជាំងការដ្ឋានសំណង់មួយបាក់សង្កត់ពីលើ ស្ថិតនៅទីក្រុងភូណេ (Pune) ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈតំបន់នេះទើបតែកើតមានភ្លៀងធ្លាក់យ៉ាងដំណំផងដែរនោះ ។
យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមអ្នកជួយសង្រ្គោះកំពុងបង្កើតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ស្របពេលមានការំពឹងថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តធ្លាក់ នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ កាលពីឆ្នាំ២០០៥ មនុស្សច្រើនជាង ៥០០នាក់បានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់នៅក្នុងទីក្រុង Mumbai ជាទីដែលមានប្រជាជនខ្ទង់ ២០លាននាក់រស់នៅ និងជាទីក្រុងសេដ្ឋកិច្ចរីកចំរើនបំផុតរបស់ឥណ្ឌា ស្ថិតនៅបណ្តោយឆ្នេរភាគនិរតីប្រទេស៕