ភ្នំពេញ ៖ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ ណាហ្គាវើលដ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីឧបត្ថម្ភសម្ភារសិក្សារយៈពេលមួយឆ្នាំដល់សាលារៀនចំនួន ៥៥ នៅក្នុងខេត្តចំនួន ១១ ។
ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍ដែលផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការសហការនេះ ក៏នឹងផ្តោតទៅលើការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ និងការឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានសហការជាមួយក្រសួងដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះវាដើរយ៉ាងសំខាន់ក្នុងការកសាងប្រទេសជាតិ ។ ចាប់តាំងពីឆ្នាំ២០១៤ យើងបានចូលរួមធ្វើឲ្យបរិយាកាសនៃការសិក្សារៀនសូត្រប្រសើរឡើង និងបានផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សជាង ១៨១.០០០ នាក់នៅតាមសាលារៀនជាង ១០០ នៅតាមខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា ។ ក្នុងឆ្នាំនេះ យើងបានពង្រីកគម្រោងនេះទៅកាន់ខេត្តមួយទៀត ។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតឲ្យទទួលបានសម្ភារសិក្សាសម្រាប់កូនៗរបស់ពួកគេ” ។
“ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ យើងបានផ្តល់សិក្ខាសាលាស្តីពីសុវត្ថិភាពអគ្គីភ័យផងដែរដែលបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៥.០០០ នាក់ ។ ជាមួយអនុស្សរណៈយោគយល់គ្នានេះ យើងក៏នឹងពង្រីកកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យនេះទៅដល់សាលារៀនច្រើនជាងមុន ជាពិសេសជួយអប់រំសហគមន៍របស់យើង និងការពារពួកគេពីមហន្តរាយនៃអគ្គីភ័យ” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “យើងសូមសរសើរ និងវាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា និងផ្តល់ចំណេះដឹងសង្គ្រោះជីវិតពីអគ្គីភ័យដល់សិស្សានុសិស្ស និងសហគមន៍របស់យើង” ។
ការចែកសម្ភារសិក្សា ត្រូវបានធ្វើឡើងនៅតាមទីធ្លាសាលាបឋមសិក្សាដោយមានអ្នកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសជាអ្នកជួយចែកសម្ភារសិក្សាដល់សិស្សានុសិស្សថ្នាក់ទី ១-៦ និងលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែងរៀនសូត្រដើម្បីអនាគតភ្លឺស្វាង និងសម្រេចក្តីស្រមៃរបស់ពួកគេ ។ ណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ដល់សិស្សពូកែផងដែរដើម្បី ឲ្យពួកគេកាន់តែខិតខំរៀនសូត្រ និងមិនបោះបង់គោលដៅជីវិតរបស់ពួកគេ ។
រីឯ កម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យវិញ ត្រូវបានធ្វើឡើងនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យទូទាំងរាជធានីភ្នំពេញ ហើយក្នុងឆ្នាំនេះ ណាហ្គាវើលដ៍នឹងពង្រីកកម្មវិធីសង្គ្រោះជីវិតដ៏មានសារសំខាន់នេះទៅកាន់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ ។ ការបណ្តុះបណ្តាល និងសិក្ខាសាលា ត្រូវបានផ្តល់ជូនដោយក្រុមការងារជំនាញពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីអប់រំដល់សិស្សានុសិស្សអំពីវិធីបង្ការអគ្គីភ័យ និងសុវត្ថិភាពអគ្គីភ័យ ព្រមទាំងឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យដល់សាលារៀនផងដែរ ៕ស តារា