ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរជំនាញចុះបិទការដ្ឋានជីកដីខុសច្បាប់មួយកន្លែងរបស់ម្នាស់ឈ្មោះខុន ស្រីលក្ខណ៍

ចែករំលែក៖

ខេត្តសៀមរាប៖ ដើមី្បអនុវត្តនូវការណែនាំរបស់អាជ្ញាធរខេត្តឲ្យមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៩ មន្ទីរ រ៉ែ និង ថាមពលខេត្តសៀមរាប និង កម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក មាស ជូរ៉ាវី ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត ដោយរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចុះបិទការដ្ឋានរណ្តៅដីមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ ខុន ស្រីលក្ខណ៍ ភេទស្រី អាយុ ៣២ឆ្នាំ មានលំនៅដ្ឋាននៅក្រុងភ្នំពេញ តែបច្ចុប្បន្នស្នាក់នៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

តាមការបញ្ជាក់របស់លោកមេភូមិ បានឲ្យដឹងថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើអាជីវកម្មជីកដី អស់រយៈពេលជាង៤ខែហើយ តែគាត់ជាអាជ្ញាធរមូលដ្ឋាន បានត្រឹមតែសួរនាំម្ចាស់ការដ្ឋាន ដោយគេឆ្លើយថា មានច្បាប់អនុញ្ញាតធ្វើអាជីវកម្ម ហើយ ក្នុងនោះដែរ លោកមេឃុំត្រពាំងធំ ក៏បានឲ្យដឹងដូចលោកប្រធានភូមិផងដែរ ។ តែលោកក៏បានឲ្យដឹងផងដែរថា បើការដ្ឋាននេះមានច្បាប់នោះ តើម្ចាស់ការដ្ឋានគាត់ធ្វើទៅតាមរយៈណា បែជាអាជ្ញាធរមូលដ្ឋានមិនដឹង ព្រមទាំងបានចុះ មកសួរនាំជាច្រើនលើកផងដែរ ។

ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានសុំច្បាប់អនុញ្ញាត ពី អាជ្ញាធរ ឬ មន្ទីរជំនាញណាមួយឡើយ គឺគាត់ធ្វើទៅដោយមិនញញើតច្បាប់ឡើយ ។ លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកផ្អាកមិនឲ្យធ្វើអាជីវកម្មជីកដីដោយខុសច្បាប់ ចំនួន២ដងរួចមក ហើយ ដើមី្បឲ្យម្ចាស់ការដ្ឋានទៅធ្វើច្បាប់ទន្លាប់ឲ្យបានត្រឹមត្រូវផងដែរ ។ តែបែជាម្ចាស់ការដ្ឋាននេះ មិនគោរពការហាម ឃាត់របស់មន្ត្រីជំនាញ ថែមទាំងបន្តជីកកកាយដីទៅតាមតែអំពើចិត្តរបស់ខ្លួន ដោយមិនញញើតនឹងច្បាប់ឡើយ ។

ក្នុងការចុះពិនិត្យការដ្ឋាននោះ លោក មាស ជូរ៉ានី ក៏បានណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា មន្ទីរ មានបំណងឲ្យការធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានច្បាប់ត្រឹមត្រូវ និង ត្រូវអនុវត្តតាមលក្ខខ័ណ្ឌអាជ្ញាបណ្ណ ឲ្យខានតែបាន និង បញ្ឈប់រាល់ការអនុវត្តខុសច្បាប់ បើនៅតែអនុវត្តខុស គឺត្រូវទទួលកំហុសចំពោះមុនច្បាប់ជាធរមាន ។ ក្នុង នោះដែរលោកក៏បានឲ្យដឹងថា ការដ្ឋានរណ្តៅដីស្ថិតនៅក្នុងស្រុងប្រាសាទបាគងមានចំនួន៤កន្លែង តែមានច្បាប់អនុញ្ញាតតែ ៣រណ្តៅទេ ហើយក៏បានកំពុងធ្វើអាជីវកម្មតែ១រណ្តៅប៉ុណ្ណោះ តែចំពោះការដ្ឋានរណ្តៅដី ដែលមានម្ចាស់ឈ្មោះ ខុន ស្រីលក្ខណ៍ គឺមិនមានច្បាប់អនុញ្ញាតនោះឡើយ ។ លោកក៏បានឲ្យដឹងទៀតថា ក្នុងការចុះត្រួតពិនិត្យការដ្ឋាននេះក្រុម ការងារបានពិនិត្យលើបច្ចេកទេសក្នុងការជីករណ្តៅដី ដែលមានផ្ទៃដីទំហំ១២ពាន់១២ម៉ែត្រក្រឡា ដែលមាន ២ជម្រៅ មានផ្ទៃដីទំហំ ៣ពាន់៦២ម៉ែត្រក្រឡា គុណជម្រៅ ៤ម៉ែត្រ និង ផ្ទៃដីទំហំ ៨ពាន់៩៥០ម៉ែត្រក្រឡា គុណជម្រៅ ៩ម៉ែត្រ ព្រមទាំងបានឃាត់គ្រឿងចក្រកាយដី ( អេស្កាវ៉ាទ័រ) ចំនួន៤គ្រឿង និង រថយន្តដឹកដី ចំនួន០៩គ្រឿងផងដែរ ។

ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់ការដ្ឋាន ដោយបញ្ឈប់សកម្មភាពក្នុង ការជីកយកអាចម៍ដី និង ត្រូវទៅបង់ផាកពិន័យ ស្របតាម (មាត្រា ៣៥ថ្មី នៃច្បាប់វិសោធនកម្ម ស្តីពីច្បាប់ ការគ្រប់ គ្រង និង ការធ្វើអាជីវកម្មធនធានរ៉ែ) ។ ក្នុងនោះដែរក្រុមការងារ ក៏បានបិទក្លុំ( អេស្កាវ៉ាទ័រ)ចំនួន៤គ្រឿង និងរថយន្ត ទាំង០៩គ្រឿង មិនឲ្យធ្វើសកម្មភាពមួយរយៈ រហូតដល់មានច្បាប់អនុញ្ញាតពីខេត្ត ឬ ក្រសួង ទើបអាចយកទៅធ្វើ គ្រឿងចក្រទាំងនេះទៅធ្វើអាជីវកម្មវិញបាន ៕ ប៊ុនរិទ្ធី

 


ចែករំលែក៖