ព័ត៌មានទាន់ហេតុការណ៍៖

មហាសែនស៊យ ដាច់កង់ចេញសុទ្ធតែឈើកកោះ នគរបាលប្រមូលឲ្យមេព្រៃចាត់ការ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ឈើកកោះច្រើនសន្លឹក រាយប៉ាយពេញផ្លូវកៅស៊ូ១ខ្សែ នៅចំកណ្ដាលស្រុកភ្នំក្រវាញ ខណៈគោយន្ដកន្រ្តៃផ្ទុកឈើខាងលើបើកដាច់កង់ នគរបាលមកទាន់ប្រមូលប្រគល់ឲ្យមេព្រៃចាត់ការបន្ត ។

ហេតុការណ៍ដ៏កម្រខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨យប់ ថ្ងៃច័ន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបំបែកជាបួន ទល់មុខខ្លោងទ្វារចូលវត្តកណ្ដាល ស្ថិតក្នុងភូមិក្រូចឆ្មារ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះដល់កន្លែងកើតហេតុ និងអនុវត្តនីតិវិធីបង្ហើបថា មុនកើតហេតុគេឃើញគោយន្ដកន្រ្តៃ ១គ្រឿងមានផ្ទុកឈើមានមនុស្សចំនួន ៤នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុដាច់កង់ក្រឡាប់ចេញសុទ្ធតែឈើ មួយសន្ទោះក្រោយមកឃើញកម្លាំងនគរបាលមកដល់ ក៏បង្រ្កាប និងចាត់ចែងប្រគល់ទទួលជូនលោកមេព្រៃតែម្ដង ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ឈើអារទាំងអស់ជាប្រភេទឈើលេខ១(កកោះ)មានចំនួន ៣០សន្លឹក ក្នុង ១សន្លឹកៗមុខកាត់ចាប់ពីបួនតឹកទៅប្រាំតឹក កម្រាស់ចាប់ពីប្រាំហ៊ុនទៅ១តឹកកន្លះ បណ្ដោយប្រវែង ២ម៉ែត្រស្មើគ្នា ប៉ុន្តែមិនទាន់ដឹងអំពីចំនួនម៉ែត្រត្រីគុណនោះទេ ហើយវត្ថុតាងឈើកកោះទាំងចំនួន ៣០សន្លឹក បានប្រគល់ទទួលជូនមន្រ្តីជំនាញរដ្ឋបាលព្រៃឈើផ្នែកក្រវាញ ដើម្បីបន្តនីតិវិធី និងរក្សាទុកជាបណ្ណោះអាសន្ន ចំណែកមធ្យោបាយដឹកជញ្ជូនគោយន្តមិនបានចាត់ចែងយកទៅរក្សាទុកទេ ដោយយោងតាមពេលវេលា(យប់) និងស្ថានភាព(ដាច់កង់ដាច់ភ្លៅ)ផងនោះ ប៉ុន្តែប្រភពមិនបានបញ្ជាក់ច្បាស់លាស់ថា មធ្យោបាយគោយន្ដកន្រ្តៃបាក់បែកនោះគេយកទៅណានោះទេ ៕ ប៉ឹម ពិន


ចែករំលែក៖