ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ម៉ូតូ២គ្រឿង ត្រូវជនសង្ស័យមិនស្គាល់មុខមុខលួច គាស់សោបន្ទប់ ចូលយកទៅបាត់ ព្រមទាំងបំពុលសត្វឆ្កែជាច្រើនក្បាលបណ្ដាលឲ្យងាប់ពេញមុខផ្ទះ ទើបមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ចន្លោះម៉ោង១១ទៅ១យប់ ថ្ងៃទី១ ខែកក្កដា ២០១៩ ស្ថិតក្នុងភូមិត្រោក ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ កុសល និងប្រពន្ធឈ្មោះ គារ មានទីលំនៅកើតហេតុខាងលើ ត្រូវបានខណៈក្រុមជនសង្ស័យធ្វើសកម្មភាពបំពុលឆ្កែងាប់អស់ចំនួន៩ក្បាល ហើយបានចូលគាស់សោបន្ទប់ក្រោមផ្ទះយកម៉ូតូអស់ចំនួន២គ្រឿង ម៉ាកហុងដា សេ ១២៥ ផងដែរ ។
បើតាមម្ចាស់ផ្ទះឲ្យដឹងថា ពួកគាត់បានហូបបាយពេលយប់ ដូចសព្វដងហើយចូលសម្រាន្តដេកនៅវេលាម៉ោង១០យប់ ដូច្នេះគាត់សន្និដ្ឋានថា ក្រុមចោរធ្វើសកម្មភាព ប្រហែលជាម៉ោង១១ទៅម៉ោង១រំលងអធ្រាត្រ ដោយគាត់ចុះមកមើលជុំវិញផ្ទះស្រាប់តែឃើញឆ្កែ របស់គាត់កំពុងតែពុល និងងាប់ជាបន្តបន្ទាប់ហើយពេលនោះគាត់ទៅមើលទ្វារបន្ទប់ក្រោមផ្ទះ ដែលកន្លែងដាក់ម៉ូតូ ស្រាប់តែឃើញមានកាត់សោ ហើយលួចយកម៉ូតូរបស់គាត់បាត់ទាំងពីរគ្រឿង ហើយក៏ប្តឹងសមត្ថកិច្ចភ្លាមៗដែរ ។
ពាក់ពន្ធ័ករណីខាងលើនេះ លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា សមត្ថកិច្ចជំនាញខេត្ត ស្រុក និងប៉ុស្ដិ៍ រដ្ឋបាល កំពុងស្វះស្វែងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងដុតដៃដុតជើងកំណត់មុខសញ្ញាដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យអនុវត្តតាមច្បាប់ឲ្យខាងតែបាន ។
ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសន្តិសុខ សណ្តាប់ធ្នាប់ ដោយប៉ុន្មនសប្តាហ៍ចុងក្រោយនេះ មានករណីចោរធ្វើសកម្មភាពបំពុលសត្វឆ្កែងាប់ជាបន្តបន្ទាប់ ហើយចូលគាស់បន្ទប់ក្រោមផ្ទះលួចយកម៉ូតូរបស់ប្រជាពលរដ្ឋអស់ជាច្រើនគ្រឿង ៕ យឹម សុថាន