ព័ត៌មានទាន់ហេតុការណ៍៖

បុរសចិត្តខ្លាំងទំនងស្រវឹងស្រា ខឹងចិត្តដុតម៉ូតូចោល គ្រាន់តែសមត្ថកិច្ចឃាត់កុំឲ្យបើកម៉ូតូលឿន

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការហេតុការណ៍គួរឲ្យភ្ញាក់ផ្អើល ដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើល ខណៈឃើញ បុរសម្នាក់ទំនងស្រវឹងស្រាហើយចិត្តខ្លាំង បានយកដែកកេះ ដុតម៉ូតូខ្លួនឯងចោលឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹង ព្រោះខឹងនឹងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់ថា កុំឲ្យជិះម៉ូតូលឿនពេក ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ប្រមាណ១១និង៣០នាទីព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅខាងក្រោមស្ពានតាហោ (ផ្លូវវាង) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ពាក់អាវក្រហមអាយុប្រមាណជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវសមត្ថកិច្ចជិះដេញពីក្រោយ ហើយបានប្រាប់បុរសខាងលើឲ្យឈប់ និងកុំឲ្យបើកបរលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ខ្លាចគ្រោះថ្នាក់ផង ស្រាប់តែបុរសខាងលើនិយាយទំនងជាស្រវឹងថា «គេបើកតែគេបើគ្រោះថ្នាក់គ្រោះថ្នាក់តែគេដែរ គ្មានអីពាក់ព័ន្ធទេ រួចក៏ផ្តួលម៉ូតូ ទាញយកដែកកេះមកដុតឆេះខ្ទេច ហើយដើរចេញទៅធ្វើមិនដឹង» ។

ប៉ុន្តែ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅស្នងការដ្ឋានខេត្តស្វាយរៀង ដើម្បីសួរនាំ និងធ្វើតេស្តទឹកនោម ក្រែងមានសារធាតុញៀន ។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ ក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តមួយគ្រឿងមកអន្តរាគមន៍ ប៉ុន្តែអកុសលដោយភ្លើងឆេះសន្ធោសន្ធៅលឿនពេក មិនអាចបាញ់ពន្លត់ទាន់នោះទេ ខណៈម៉ូតូឆេះម៉ត់ សល់គ្រោងដែកតែប៉ុណ្ណោះ ៕ យឹមសុថាន


ចែករំលែក៖