កាលពីថ្ងៃទី៣ ខែកក្កដា តុលាការទីក្រុងហូជីមិញបានចេញសេចក្តីសម្រេចកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន ចំនួន៤នាក់ ។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវៀតណាម បានផ្សាយ កាលពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ថា តុលាការទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បានសម្រេចកាត់ទោសប្រហារជីវិតដល់ជនជួញដូរគ្រឿងញៀន៤នាក់ និងអ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀត ឲ្យជាប់នៅក្នុងពន្ធនាគារ រយៈពេល ចាប់ពី១៨ ឆ្នាំដល់២០ ឆ្នាំ ដោយសារពួកគេមានការជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ហេរ៉ូអ៊ីន ជាង ៣,៤គីឡូក្រាម ។
សារព័ត៌មាន VNA បានផ្សាយ កាលពី ថ្ងៃពុធ ទី៣ ខែកក្កដា ថា តុលាការទីក្រុងហូជីមិញ បានសម្រេចចោទប្រកាន់ជនជាប់ចោទចំនួន៦នាក់ ក្នុងនោះ មានបុរស៣នាក់ និងស្រ្តី៣នាក់ ដែលជាបក្ខពួក នៃការជួញដូរថ្នាំញៀន ហេរ៉ូអ៊ីន ពីភាគខាងជើង នៃខេត្តណាមឌិន នាំទៅកាន់ភាគខាងត្បូង នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
មេខ្លោងជាបុរស អាយុ៤២ ឆ្នាំ ត្រូវតុលាការសម្រេចកាត់ក្តីប្រហារជីវិត ពីការជួញដូរថ្នាំញៀន និងជាប់ទោសមួយករណីផ្សេងទៀត ជាប់ពន្ធនាគារ រយៈពេល២ ឆ្នាំ ពីបទកាន់កាប់អាវុធរប់កងកម្លាំងយោធា ដែលល្មើសច្បាប់ នៃប្រទេសវៀតណាម ។
ប្រភពដដែលបន្តថា តាមច្បាប់វៀតណាម អ្នកទាំងឡាយណារត់ពន្ធថ្នាំញៀនលើសពី៦០០ក្រាម ឬច្រើនជាង២.៥គីឡូក្រាម នៃថ្នាំមេតំហ្វេតាមីន ត្រូវពិន័យដាក់ទោសប្រហារជីវិត ។ ការផលិត ឬជួញដូរថ្នាំហេរ៉ូអ៊ីនចាប់ពី១០០ក្រាម ឬ៣០០ក្រាម នៃថ្នាំញៀនដទៃផ្សេងទៀត ក៏ត្រូវប្រឈមនឹងការដាក់ទោសប្រហារជីវិត ផងដែរ ៕