ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមដាក់ទោសប្រហារជីវិត ក្រុមជួញដូរគ្រឿងញៀន​៤នាក់

ចែករំលែក៖

កាលពីថ្ងៃទី​៣ ខែកក្កដា តុលាការទីក្រុងហូជីមិញបានចេញសេចក្តីសម្រេចកាត់ទោសប្រហារជីវិតអ្នកជួញដូរគ្រឿងញៀន ចំនួន៤នាក់ ។

ប្រព័ន្ធផ្សព្វផ្សាយ​របស់ប្រទេសវៀតណាម​ បានផ្សាយ ​កាលពី ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ថា តុលាការ​ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម បានសម្រេចកាត់ទោស​ប្រហារជីវិតដល់​ជនជួញដូរគ្រឿងញៀន​៤នាក់ និង​អ្នកពាក់ព័ន្ធចំនួន២នាក់ផ្សេងទៀត ​ឲ្យជាប់នៅក្នុងពន្ធនាគារ រយៈពេល ចាប់​ពី១៨ ឆ្នាំ​ដល់​២០​ ឆ្នាំ ដោយសារពួកគេមានការជាប់ពាក់ព័ន្ធនឹងករណី​ជួញដូរគ្រឿងញៀន​ ហេរ៉ូអ៊ីន​ ជាង ៣,៤គីឡូក្រាម ។

សារព័ត៌មាន VNA បានផ្សាយ កាលពី ថ្ងៃពុធ ទី៣ ខែកក្កដា ថា តុលាការទីក្រុងហូជីមិញ បានសម្រេចចោទប្រកាន់​ជនជាប់ចោទចំនួន​៦នាក់ ក្នុងនោះ មានបុរស៣នាក់ និងស្រ្តី៣នាក់ ដែលជាបក្ខពួក នៃការ​ជួញដូរថ្នាំញៀន​ ហេរ៉ូអ៊ីន​ ពីភាគខាងជើង​ នៃខេត្តណាមឌិន នាំទៅកាន់ភាគខាងត្បូង នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

មេខ្លោង​ជាបុរស អាយុ​៤២ ឆ្នាំ ត្រូវតុលាការ​សម្រេចកាត់ក្តីប្រហារជីវិត ពីការជួញដូរថ្នាំញៀន និងជាប់ទោស​មួយករណីផ្សេងទៀត ​ជាប់ពន្ធនាគារ រយៈពេល​២ ឆ្នាំ ​ពីបទ​កាន់កាប់អាវុធរប់​កងកម្លាំងយោធា ដែលល្មើសច្បាប់ នៃប្រទេសវៀតណាម ។

ប្រភព​ដដែលបន្តថា តាមច្បាប់វៀតណាម អ្នកទាំងឡាយណា​រត់ពន្ធថ្នាំញៀន​លើសពី៦០០ក្រាម ឬច្រើនជាង​២.៥​គីឡូក្រាម នៃថ្នាំមេតំហ្វេតាមីន ត្រូវពិន័យដាក់ទោស​ប្រហារជីវិត ។ ការផលិត ឬជួញដូរ​​ថ្នាំហេរ៉ូអ៊ីន​ចាប់ពី១០០ក្រាម ឬ៣០០ក្រាម នៃថ្នាំញៀនដទៃផ្សេងទៀត ​ក៏ត្រូវប្រឈម​នឹងការដាក់ទោស​ប្រហារជីវិត ផងដែរ ៕


ចែករំលែក៖