ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋវេណេហ្ស៊ុយអេឡា ជាង​៥ពាន់នាក់ស្លាប់ដោយវិវាទនយោបាយ

ចែករំលែក៖

ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា​ មានសញ្ញាល្អប្រសើរជាងមុន ដោយសាតែ ក្រុមប្រឆាំង និងរដ្ឋាភិបាលបានយល់ព្រមអង្គុយតុពិភាក្សាគ្នា ស្វែងរកដំណោះស្រាយដោយសន្តិភាព ។ ប៉ុន្តែរយៈពេលពីឆ្នាំ​២០១៨មក កម្លាំងសន្តិសុខ បានសម្លាប់ពលរដ្ឋជាង​៥ពាន់នាក់​ ដែលប្រឆាំងរដ្ឋាភិបាល​ ។

តាមរបាយការណ៍​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ​​ផ្សាយ​កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​ អំឡុងពេលប្រតិបត្តិការ​ដោយកងកម្លាំងសន្តិសុខ​ កាលពីឆ្នាំ២០១៨ បានសម្លាប់​មនុស្ស​ជិត៥,៣០០​នាក់ ដែលទាក់ទង​ករណីជាច្រើនប្រឆាំងនឹង​អាជ្ញាធររដ្ឋាភិបាល ។ គេក៏បាន​ថ្កោលទោស​ផងដែរ ចំពោះ​ការសម្លាប់ក្រៅប្រព័ន្ធច្បាប់​ ដែលមានចំនួនកាន់តែកើនឡើងគួរឲ្យតក់ស្លុត​នេះ ។

លោកស្រី Michelle Bachelet ដែលជាប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ បានចេញរបាយការណ៍នេះ​​ បន្ទាប់ពីបានផ្តោត​ទៅលើដំណើរទស្សនកិច្ច​រយៈពេលវែងរបស់លោកស្រី ទៅកាន់ប្រទេសអាមេរិកខាងត្បូង​មួយនេះ, ការធ្វើសម្ភាសន៍​ជាង​៥៥០​លើក ដោយការិយាល័យ​របស់លោកស្រី​ ជាមួយ​ក្រុមការពារសិទ្ធិមនុស្ស, ការធ្វើសម្ភាសន៍ជាមួយជនរងគ្រោះ, ជាមួយសាក្សី​ឃើញហេតុការ​ណ៍​អំពីការរំលោភបំពានសិទ្ធិមនុស្ស ព្រមទាំងប្រភពដទៃផ្សេងទៀតជាដើម ។

របាយការណ៍​បញ្ជាក់ថា អាជ្ញាធរ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ បានសម្លាប់​មនុស្ស​ ៥,២៨៧​នាក់ អំឡុងពេលប្រតិបត្តិការដោយកងកម្លាំងសន្តិសុខ ពាក់ព័ន្ធករណី​ប្រឆាំងជាមួយ​អាជ្ញាធរ និងបូករួម​បន្ថែមទៀត​ សម្លាប់មនុស្ស​១៥៦៩នាក់ នៅក្នុងឆ្នាំ២០១៩នេះ គិតមកដល់ថ្ងៃទី១៩ ខែឧសភា ។ គេបានដកស្រង់​តួលេខ​ដោយឡែក ធ្វើឡើងដោយក្រុមសង្កេតការអំពើហិង្សា​នៅវេណេហ្ស៊ុយអេឡា ដែលបញ្ជាក់ថា​យ៉ាងតិច មនុស្ស​៧,៥២៣នាក់​ត្រូវបានសម្លាប់​កាលពីឆ្នាំមុន បូករួម​នៅក្នុងឆ្នាំ២០១៩នេះ ពីខែមករា ដល់ខែឧសភា សម្លាប់មនុស្ស​យ៉ាងតិច​២,១២៤នាក់ផងដែរ ពាក់ព័ន្ធករណីដូចគ្នា ប្រឆាំងអាជ្ញាធររដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ៕


ចែករំលែក៖