កាលពីពីចុងសប្តាហ៍កន្លងមក ពលរដ្ឋហុងកុងទាំងក្មេងទាំងចាស់បាននាំគ្នាបន្តធ្វើបាតុកម្មប្រឆាំងច្បាប់ បត្យាប័ន នៅហុងកុង បន្តកើតឡើង និងធ្លាយដល់ស្ថានីយរថភ្លើងល្បឿនលឿន West Kowloon ធ្វើឲ្យសកម្មភាពចរាចរណ៍នានាត្រូវកកស្ទះ ។
ក្រុមបាតុករហុងកុងរាប់សែននាក់ បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងច្បាប់ធ្វើបត្យាប័នពីហុងកុងទៅកាន់ចិនដីគោកជាបន្តទៀត បន្ទាប់ពីការតវ៉ារបស់ពួកគេ ត្រូវបានផ្អាកកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ។
ការដង្ហែក្បួនរបស់ក្រុមបាតុករនៅពេលនេះ គឺធ្លាយទៅដល់ស្ថានីយរថភ្លើងល្បឿនលឿន West Kowloon ដែលជាស្ថានីយរថភ្លើង ចរាចរណ៍ទៅ មក រវាងចិនដីគោក និងហុងកុង ហើយមានអ្នកទេសចរណ៍ជាច្រើនមកពីចិនដីគោកនោះ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមបាតុករមិនបានចូលដណ្តើមគ្រប់គ្រងទីតាំងស្ថានីយរថភ្លើងនោះឡើយ ។ ក្រុមអ្នករៀបចំបាតុកម្មអះអាងថា គោលបំណងរបស់ពួកគេ ដង្ហែក្បួននៅទីនេះ គឺដើម្បីបង្ហាញទៅកាន់អ្នកទេសចរណ៍មកពីចិនដីគោកទាំងនោះថា ពលរដ្ឋនៅហុងកុង នៅតែព្យាយាមដាក់សម្ពាធទៅលើមេដឹកនាំហុងកុងដែលលើកបណ្តុបដោយចិនដីគោក ។
បាតុកម្មនៅពេលនេះចាប់ផ្តើមនៅវេលាម៉ោង៣និង៣០នាទីរសៀល ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៧ ខែកក្កដា ដោយ ប្រមូលផ្តុំគ្នានៅសួនច្បារ Salisbury សង្កាត់ Tsim Sha Tsui មុនពេលដែលមនុស្សរាប់សែននាក់បានចូលរួម ហើយដង្ហែក្បួនសម្តៅទៅកាន់ស្ថានីយរថភ្លើងល្បឿនលឿន West Kowloon នោះតែម្តង ។
លោក Lau Wing-hong អ្នករៀបចំបាតុកម្មម្នាក់និយាយថា ការប្រមូលផ្តុំតវ៉ានេះ ប្រព្រឹត្តដោយសន្តិវិធី ហើយអាចនឹងរំសាយទៅវិញ ក្រោយពួកគេទៅដល់ទិសដៅនៅក្បែរស្ថានីយរថភ្លើង ។ គ្មានគម្រោងចូលទៅខាងក្នុងស្ថានីយនោះឡើយ ។ ប្រភពបញ្ជាក់ថា «វាជាក្តីសង្ឃឹមថា ប្រជាជនហុងកុងបានដឹង និងធ្វើបាតុកម្មដោយសន្តិភាព ដើម្បីនាំយកព័ត៌មានអំពីការតវ៉ានេះ ទៅកាន់ចិនដីគោក តាមរយៈអ្នកទេសចរណ៍មកពីចិនដីគោក» ។
ប៉ូលិស និងសន្តិសុខនៅស្ថានីយរថភ្លើងខាងលើ បានយាមល្បាត និងបិទគ្រប់ច្រកផ្លូវចេញ ចូលរបស់ស្ថានីយរថភ្លើង ។ អ្នកដំណើរខ្លះស្ពាយវ៉ាល្លីស ហើយនិយាយថា ពួកគេមិនបានដឹងខ្លួនអំពីការបាតុកម្មនេះទេ និងមិនដឹងថា អ្វីទៅជាច្បាប់បត្យាប័ននោះឡើយ ។ អ្នកដំណើរបានប្រាប់អ្នកកាសែតរ៉យទ័រថា រដ្ឋាភិបាលបានបិទផ្លូវនៅស្ថានីយរថភ្លើង ដើម្បីហេតុផលសន្តិសុខ សុវត្ថិភាពនៅក្នុងស្ថានីយ ៕