ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋវេណេហ្ស៊ុយអេឡា មានក្តីសង្ឃឹមបញ្ចប់វិបត្តិនយោបាយ

ចែករំលែក៖

ពលរដ្ឋវេណេហ្ស៊ុយអេឡា បានបង្ហាញពីភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែល រដ្ឋាភិបាល និងក្រុមប្រឆាំងបានព្រមព្រៀងសន្តិសភាព បញ្ចប់វិបត្តិអូសបន្លាយ ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។

លោក Hector Rodriguez អភិបាលរដ្ឋ Miranda របស់វេណេហ្ស៊ុយអេឡា​​ ដែលបានចូលរួម​កិច្ចពិភាក្សាដែរនោះ ថ្លែង​ប្រាប់ប្រភពព័ត៌មាន ថា រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា និង​ក្រុមប្រឆាំង​បានព្រមព្រៀង​​បង្កើត​កិច្ចពិភាក្សា​សន្តិភាពជាអចិន្ត្រៃ​យ៍ បន្ទាប់ពីការចរចារយៈពេល​៣ថ្ងៃ​នៅ​​ប្រទេស Barbados ។

លោក Rodriguez បានថ្លែងប្រាប់បណ្តាញទូរទស្សន៍វេណេហ្ស៊ុយអេឡា​ផ្សាយ​កាលពីថ្ងៃទី១១ ខែកក្កដា ថា «យើងបានសម្រេចបង្កើតកិច្ចពិភាក្សាសន្តិភាព​ជាអចិន្ត្រៃយ៍ និងសម្រេចលើកិច្ចព្រមព្រៀងថា​ ត្រៀមធ្វើការរួមគ្នា​ដើម្បីធានាដល់សន្តិភាព​នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា» ។

ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរូ អំឡុងពេលជាមួយគ្នានេះដែរ​ បានថ្លែងថា ភាគីពិភាក្សា​ទាំងអស់ អាចនឹងមិន​បញ្ជាក់លម្អិត អំពើដំណើរការរីកចម្រើន​ នៅក្នុងកិច្ចពិភាក្សានោះឡើយ ។

លោកម៉ាឌូរ៉ បានថ្លែងថា យើងបានឈានដល់កិច្ចព្រមព្រៀង​មួយ​ ជាមួយគណបក្សប្រឆាំង ហើយ និងរដ្ឋាភិបាលន័រវ៉ែស (អាជ្ញាកណ្តាលក្នុងកិច្ចចរចានេះ) មិន​ធ្វើអត្ថាធិប្បាបាយលម្អិត​ជាក់លាក់ណាមួយ ​ដែលបានសម្រេចអំពីកិច្ចពិភាក្សារបស់យើងនេះឡើយ ។ របៀបវារៈសរុបចំនួន៦​​ដែលត្រូវពិភាក្សាគ្នា ។

កិច្ចពិភាក្សា​នៅក្នុងប្រទេស Barbados បានចាប់ផ្តើមជាថ្មី កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ។ លោក ម៉ាឌូរ៉ូ បានថ្លែងថា លោកមានសុទិដ្ឋិនិយម​អំពីលទ្ធផលថ្មីចុងក្រោយ ដែលសម្រេចបាន ខណៈដែលលោកJorge Rodriguez រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍​បានហៅថា ជាជោគជ័យ នោះ ។

ភាគីទាំងពីរ​បានយល់ព្រម​ពិភាក្សា​គ្នា ដែលមានប្រទេសន័រវែសធ្វើជាអាជ្ញាកណ្តាល ។ ប៉ុន្តែទោះបីយ៉ាងណា មិនទាន់មានកិច្ចព្រមព្រៀងណាមួយ​បានសម្រេចឡើងជាផ្លូវការនោះទេ ៕


ចែករំលែក៖